សៀមរាប÷ គណៈកម្មការរៀបចំព្រឹត្តិការណ៍អង្គរសង្ក្រាន្ត និងរដ្ឋបាលខេត្តសៀមរាប នៅរសៀលថ្ងៃទី០២ខែមេសាឆ្នាំ២០២៥ បានរៀបចំកិច្ចប្រជុំស្ដីអំពីការត្រៀមរៀបចំព្រឹត្តិការណ៍អង្គរសង្ក្រាន្ត២០២៥។
កិច្ចប្រជុំនេះធ្វើឡើងក្រោមវត្តមានលោក សុខ សប្បាយណា ប្រធានក្រុមការងារប្រតិបត្តិនៃព្រឹត្តិការណ៍អង្គរសង្ក្រាន្ត លោក ប្រាក់ សោភ័ណ អភិបាលនៃគណៈអភិបាលខេត្តសៀមរាប។

ក្នុងឱកាសនៃកិច្ចប្រជុំនេះ ក៏មានការអញ្ជើញចូលរួមពីសំណាក់ អភិបាលរងខេត្ត ប្រធានមន្ទីរខេត្តសៀមរាប សមាជិក សមាជិកា ស.ស.យ.ក. និង ប្រធាន អនុប្រធាន សមាជិក សមាជិកា ក្រុមការងាររៀបចំព្រឹត្តិការណ៍អង្គរសង្ក្រាន្តឆ្នាំ២០២៥ជាច្រើនរូប។

កិច្ចប្រជុំនេះជាជំនួបលើកចុងក្រោយ ដែលត្រូវបានរៀបចំឡើងដើម្បីពិនិត្យ ពិភាក្សា និងបង្ហាញអំពីដំណើរការរៀបចំ ក៏ដូចជាការចូលរួមជាមតិយោបល់ និងការលើកសំណើរពីក្រុមការងារពាក់ព័ន្ធ ដែលជាការត្រៀមលក្ខណៈឆ្ពោះទៅកាន់ព្រឹត្តិការណ៍អង្គរសង្ក្រាន្តឆ្នាំ២០២៥ ធ្វើយ៉ាងណាដើម្បីឱ្យព្រឹត្តិការណ៍នេះ អាចដំណើរការដោយរលូន និងជោគជ័យ។

សូមជម្រាបជូនថា ព្រឹត្តិការណ៍អង្គរសង្ក្រាន្តឆ្នាំ២០២៥ នឹងត្រូវរៀបចំឡើងនៅលើទីតាំងចំនួន ៦ ដោយមានកម្មវិធីចំនួ ៣៨ កម្មវិធី ដែលសុទ្ធសឹងជាកម្មវិធីដែលផ្ដល់ជូននូវភាពសប្បាយរីករាយដល់មហាគ្រួសារខ្មែរ។ ជាងនេះទៅទៀត អង្គរសង្ក្រាន្តបានផ្ដល់ឱកាសឱ្យសាធារណជន ជាពិសេសយុវជន បានចូលរួមឈ្វេងយល់ពីមរតកវប្បធម៌ខ្មែរជាច្រើនទម្រង់ដែលត្រូវបានលើកយកមករំលេចនៅក្នុងកម្មវិធីនីមួយៗ ក្នុងគោលដៅបំផុសស្មារតីស្រលាញ់ និងលើកស្ទួយវប្បធម៌ជាតិ៕

