ចាប់ខ្លួនចាងហ្វាង​កាសែតអនឡាញ និងជាមគ្គុទ្ទេសក៍ ទេសចរណ៍ម្នាក់តាមដីកា​ របស់តុលាការ

ខេត្តសៀមរាប៖ កម្លាំងនគរបាលព្រហ្មទណ្ឌ កាលពីរសៀល​ថ្ងៃទី២៥ខែតុលា​ ឆ្នាំ២០២៤នេះ​ បានចាប់ខ្លួនចាងហ្វាងកាសែតអនឡាញ និងជាមគ្គុទ្ទេសក៍ទេស​ចរណ៍ម្នាក់​ តាមដីកាបង្គាប់អោយចាប់ខ្លួនរបស់តុលាការ នៅម្តុំផ្លូវត្រាំនាគ សង្កាត់ស្លក្រាម ក្រុង.ខេត្ត​សៀមរាប។


យោងតាមប្រភពពីកម្លាំងសមត្ថកិច្ចដែលចុះអនុវត្តការចាប់ខ្លួននេះ បាននិយាយក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះថា ជនដែលត្រូវចាប់ខ្លួននេះ មានឈ្មោះ ស៊ឹម ឈីវឈានពិសិដ្ឋ​ ភេទប្រុស​ មានទីលំនៅភូមិទ្រាំង សង្កាត់ស្លក្រាម​ ក្រុង.ខេត្តសៀមរាប ។

ប្រភពបន្តថា ការចាប់ខ្លួនលោកចាងហ្វាងរូបនេះ ធ្វើ​ឡើងតាមដីកាបង្គាប់ឲ្យចាប់ខ្លួនរបស់ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងខេត្តសៀមរាប ដែលការបង្គាប់ឲ្យចាប់ខ្លួននេះ ក៏ទៅតាមអំណាចសាលដីកាស្ថាពររបស់សាលាឧទ្ធរណ៍ខេត្តបាត់ដំបងផងដែរ។
លោក ស៊ឹម ឈីវឈានពិសិដ្ឋ អតីតអនុប្រធានមន្ទីរបរិស្ថានខេត្តសៀមរាប បច្ចុប្បន្នជាចាងហ្វាងសារព័ត៌​មានអនឡាញ និងជាមគ្គុទ្ទេសក៍ទេសចរណ៍ប្រចាំតំបន់អង្គរផងដែរ។


យោងតាមដីកាបង្គាប់ឲ្យចាប់ខ្លួនដែលអ្នកសារព័ត៌​មាន​ ទទួលបាន នៅព្រឹកថ្ងៃទី២៦ ខែតុលានេះ បានឲ្យដឹងថា លោកឈីវឈានពិសិដ្ឋ ត្រូវបានលោក គង់ មង្គល ប្រធានសហគមន៍ទេសចរណ៍បឹងពារាំង ក្នុងសង្កាត់ជ្រាវ ដាក់ពាក្យប្តឹងទៅតុលាការ ពីបទប្តឹងបរិហារបង្កាច់កេរ្តិ៍ ប្រព្រឹត្តនៅរាជធានីភ្នំពេញ កាលពីថ្ងៃទី២០ ខែកុម្ភៈ និងថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០១៩

ហើយបន្ទាប់ពីអនុវត្តតាមនីតិវិធីជាបន្តបន្ទាប់នៅថ្ងៃ​ទី០៩ ខែមីនា ឆ្នាំ២០២១ សាលាដំបូងខេត្តសៀមរាប បានចេញសាលក្រម ផ្តន្ទាទោសលោក ឈីវឈានពិសិដ្ឋ ដាក់ពន្ធនាគារ កំណត់រយៈពេល៦ខែ និងពិន័យជាប្រាក់មួយលានរៀល។

ដោយសារមិនសុខចិត្តនឹងសាលក្រមនេះ លោកពិសិដ្ឋ បានប្តឹងទាស់ និងប្តឹងឧទ្ធរណ៍តាមកំណត់ច្បាប់ ប៉ុន្តែការប្តឹងនោះសុទ្ធតែត្រូវបានតុលាការគ្រប់ជាន់ថ្នាក់ដែលចាត់ការសំណុំរឿងនេះ បានសម្រេចតម្កល់សាលក្រមរបស់សាលាដំបូងខេត្តសៀមរាបទុកជាបានការដដែល និងបន្តដល់សាលដីការបស់សាលាឧទ្ធរណ៍បានចូលជាស្ថាពរ៕

Leave a Reply

Your email address will not be published. Required fields are marked *