ចម្លាក់បដិមាទ្វារបាល ចំនួន១២ ធ្វើពីថ្មភក់ ត្រូវបានក្រុមបុរាណវិទ្យា នៃអាជ្ញាធរជាតិអប្សរា សហការជាមួយក្រុមថែរក្សាអង្គរនៃរដ្ឋាភិបាលចិន ប្រទះឃើញពេលធ្វើកំណាយស្រាវជ្រាវនៅខ្លោងទ្វារជើង ជ្រុងខាងលិចនៃព្រះបរមរាជវាំង នៃក្រុងអង្គរធំ កាលពីថ្មីៗនេះ។
![](https://siemreaptoday.com/wp-content/uploads/2024/10/IMG_20241028_121913_986-1024x682.jpg)
បុរាណវិទ្យា លោក សន ចាន់ថន បានឱ្យដឹងថា ចម្លាក់ទ្វារបាលធ្វើពីថ្មភក់ចំនួន១២ ត្រូវបានក្រុមអ្នកបុរាណវិទ្យា ធ្វើកំណាយស្រាវជ្រាវនៅខ្លោងទ្វារជើងព្រះបរមរាជវាំងនៃក្រុងអង្គរធំ ដើម្បីសិក្សាស្រាវជ្រាវរចនាសម្ពន្ធនៃខ្លោងទ្វារ និងស្វែងរកថ្ម ដែលជ្រុះធ្លាក់ដើម្បីជួសជុលខ្លោងទ្វារនេះឡើងវិញ។
![](https://siemreaptoday.com/wp-content/uploads/2024/10/IMG_20241028_121804_848-1024x682.jpg)
បុរាណវិទ្យារូបនេះ ឱ្យដឹងទៀតថា ចម្លាក់បដិមាទ្វារបាលទី១២ ដែលទើបរកឃើញនេះ ស្ថិតនៅក្នុងដីជម្រៅ១៤០សង់ទីម៉ែត្រ គឺស្រទាប់ដីគ្រឹះសម័យកាលកសាង គឺអាចថា ចម្លាក់នេះ បានធ្លាក់អស់រយៈពេលជាយូរមកហើយ។ ចម្លាក់បដិមាទ្វារបាលទាំង១២ ដែលមួយចំនួនធ្លាក់នៅរាយប៉ាយលើដីក្បែរខ្លោងទ្វារ គឺមានទំហំ និងទម្រង់ខុសៗគ្នាទៅតាមជាន់នីមួយៗ។
![](https://siemreaptoday.com/wp-content/uploads/2024/10/IMG_20241028_122026_813-682x1024.jpg)
លោក ចាន់ថន បញ្ជាក់ថា ចម្លាក់ទ្វារបាលនៅជាន់ទី១ មានកម្ពស់១១០សង់ទីម៉ែត្រ និងជាន់ទី២ មានកម្ពស់១០០សង់ទីម៉ែត្រ មួយចំនួននៅមានរូបរាងនៅលល្អពេញលេញ ខ្លះទៀត ខូចខាតដោយអន្លើ ដោយសារធ្លាក់ពីកម្ពស់ខ្ពស់។ ចំណែក រូបចម្លាក់ទ្វារបាលនីមួយៗមានលម្អគ្រឿងអលង្ការ សក់ ផ្ទៃមុខខុសៗគ្នា។
![](https://siemreaptoday.com/wp-content/uploads/2024/10/IMG_20241028_121813_273-1024x704.jpg)
ក្រោយពីបានរកឃើញចម្លាក់ទ្វារបាលទាំងអស់នេះ ក្រុមការងារបានកំណត់ទីតាំងដើម ចុះបញ្ជី ថតរូប រៀបចំឯកសារ មុនឈានដល់ការលើកមកសម្អាត និងជួសជុលដើម្បីយកទៅដាក់នៅទីតាំងដើម។ ក្រុមអ្នកជំនាញសន្និដ្ឋានថា ចម្លាក់បដិមាទ្វារបាល ដែលប្រទះឃើញ គឺស្ថិតក្នុងរចនាប័ទ្មឃ្លាំង ដែលស្របពេលជាមួយគ្នានៃការកសាងព្រះបរមរាជវាំង ស្ថិតនៅសតវត្សរ៍ទី១១៕
![](https://siemreaptoday.com/wp-content/uploads/2024/10/IMG_20241028_121735_454-1024x682.jpg)
![](https://siemreaptoday.com/wp-content/uploads/2024/10/IMG_20241028_121743_025-1024x578.jpg)
![](https://siemreaptoday.com/wp-content/uploads/2024/10/IMG_20241028_121751_904-1024x682.jpg)