ជប៉ុននិងខ្មែរ ៨០០នាក់ រួមគ្នាដាំដើមឈើចំនួន១ម៉ឺនដើម នៅបរិវេណប្រាសាទប្រី

សៀមរាប÷ជនជាតិជប៉ុនចំនួន៤៥០នាក់និងខ្មែរចំនួន៣៥០នាក់ នៅព្រឹកថ្ងៃសៅរ៍ទី០៥ខែកក្កដាឆ្នាំ២០២៥នេះ បានរួមគ្នា ដាំកូនឈើចំនួន១ម៉ឺនដើម លើផ្ទៃដីទំហំ៥ហិកតា នៅក្នុងឧទ្យានធម្មជាតិអង្គរអ៊ីអន នាផ្នែកខាងជើងនៃបារាយណ៍ជយតដាក ក្នុងតំបន់ឧទ្យានអង្គរ ក្រោមកិច្ចសហការរវាងមូលនិធិអ៊ីអន(AEON)ជប៉ុននិងអាជ្ញាធរជាតិអប្សរា។
សមាជិកក្រុមប្រឹក្សាភិបាលមូលនិធិបរិស្ថានអ៊ីអន លោក ណាអូយ៉ា អូកាដា(Noya Okada)បានថ្លែងនៅក្នុងពិធីប្រារព្ធពិធីដាំដើមឈើវលើកទី១ នៅក្នុងឧទ្យានធម្មជាតិអង្គរ រួមគ្នានេះថា គម្រោងដាំដើម​ឈើ១ម៉ឺនដើមនៅក្នុងឧទ្យានអង្គរថ្ងៃនេះ ក្នុងបំណងដើម្បីការពារក្រុងអង្គរធំដែលជាសម្បត្តិបេតិកភណ្ឌ ការពារបរិស្ថានជួយដល់ជីវិតសត្វនិងមនុស្សឱ្យកាន់​តែប្រសើរឡើង។

ការដាំកូនឈើគឺមានសារសំខាន់ ដោយវាអាចជួយដល់ជីវចម្រុះធម្មជាតិ ជួយដល់បរិស្ថានឱ្យប្រជាពល​រដ្ឋអាចរស់នៅមានសុខភាពល្អ ព្រមទាំងអាចធ្វើឱ្យមាននិរន្តភាពនៃប្រភពទឹកនៅក្រោមដី ដើម្បីជួយទ្រទ្រង់ដល់គ្រឹះប្រាសាទបុរាណនានា ឱ្យមានសុវត្ថិ​ភាពផង។
លោក Noya Okadaរំពឹងទុកថាការរួមគ្នាដាំដើម​ឈើរវាងពលរដ្ឋជប៉ុននិងខ្មែរក្នុងថ្ងៃនេះ គឺវាអាចនឹងធ្វើឱ្យធម្មជាតិសំបូរបែបនៅពេលអនាគត។
ចាប់តាំងពីឆ្នាំ២០១២មក មូលនិធិអ៊ីអន បានគាំទ្រដល់ការងារលើកកម្ពស់បរិស្ថាននៅក្នុងតំបន់អង្គរ។

ឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជា ឯកឧត្តម អាត់ស៊ីស៊ិ អ៊ីណូ(Atsushi Ueno)បានថ្លែងថាជាច្រើនឆ្នាំមក​នេះក្រុមហ៊ុនអ៊ីអន មិនត្រឹមតែមកវិនិយោគ ដើម្បីជួយសេដ្ឋកិច្ច ផ្ដល់ការងារលើកកម្ពស់ជីវភាពប្រជាពលរដ្ឋខ្មែរទេ គឺក្រុមហ៊ុននេះក៏កំពុងចូលរួមការងារសង្គមនៅក្នុងប្រទេសកម្ពុជាជាច្រើន ដូចជាកិច្ចការពារបរិស្ថាននិងកិច្ចការពារសម្បត្តិបេតិកភណ្ឌផងដែរ។

ជាក់ស្ដែងមូលនិធិអ៊ីអន បានជួយសាងសង់សារមន្ទីរព្រះនរោត្តមសីហនុ នៅក្នុងខេត្តសៀមរាប ដើម្បីដាក់វត្ថុសិល្បៈបុរាណ ដែលរកឃើញពីតំបន់អង្គរផងដែរ។
លោកថារាជរដ្ឋាភិបាលជប៉ុននឹងបន្តកិច្ចសហប្រតិបត្តិការល្អៗថែមទៀត ជាមួយរាជរដ្ឋាភិបាលកម្ពុជា ដើម្បីពង្រីកនិងពង្រឹងមិត្តភាពជប៉ុន-កម្ពុជាឱ្យកាន់តែរឹងមាំថែមទៀត។


លោកជំទាវ សាន់ណារ៉ា ឡងឌី រដ្ឋលេខាធិការក្រសួងវប្បធម៌និងវិចិត្រសិល្បៈនិងជាតំណាងដ៏ខ្ពង់ខ្ពស់ របស់លោកជំទាវបណ្ឌិតសុភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌និងវិចិត្រសិល្បៈនិងជាប្រធានក្រុមប្រឹក្សាភិបាលនៃអាជ្ញាធរជាតិអប្សរា ដែលអញ្ជើញជាអធិបតីនៃពិធីដាំដើមឈើលើកទី១ នៅក្នុងឧទ្យានធម្មជាតិអង្គរ មានប្រសាសន៍ថាដើមឈើគឺជាជីវិត ។ បើគ្មានដើមឈើគឺគ្មានប្រភពទឹក គ្មានជីវិតមនុស្ស សត្វនិងជីវចម្រុះ គ្មានបរិស្ថានស្រស់ស្អាតនិងគ្មានអ្វីៗទាំងអស់។

លោកជំទាវបញ្ជាក់ទៀតថានៅក្នុងតំបន់អង្គរគឺដើមឈើមានសារសំខាន់យ៉ាងខ្លាំង។ដើមឈើមានតួនាទី ក្នុងការទាក់ទាញទឹកភ្លៀង រក្សាបាននូវប្រភពទឹកក្រោមដី ស្រូបយកឧស្ម័នកាបូនិកបំប្លែងទៅជាឧស្ម័នអ៊ុកស៊ីហ្សែន និងផ្ដល់ជាម្លប់ដល់អ្នកទេសចរណ៍និងសត្វផង។

បន្ថែមលើនេះដើមឈើក៏ដើរតួនាទីដ៏សំខាន់ផ្សេង​ទៀតក្នុងកិច្ចការពារប្រាសាទបុរាណផងដែរ  មានន័យប្រាសាទបុរាណខ្មែរជាច្រើនបានសាងសង់លើគ្រឹះដែលជាដីខ្សាច់ ហើយត្រូវការចាំបាច់នូវប្រភពទឹកក្រោមដី និងទឹកភ្លៀង សម្រាប់រក្សានិងបញ្ចូលទឹកទៅក្នុងប្រឡាយ ស្រះ បារាយណ៍ កសិន្ទុបុរាណដែលនៅព័ទ្ធជុំវិញ ដើម្បីជួយចិញ្ចឹមគ្រឹះប្រាសាទ ឱ្យមានលំនឹង និងកុំឱ្យបាក់ដួលរលំ។ ដើមឈើក៏ជួយជារនាំងការពារទប់ទល់និងការប្រែវប្រួលអាកាសធាតុ ការរីករួមពុកផុយថ្មរបស់ប្រាសាទ និង គ្រោះធម្មជាតិ ខ្យល់ព្យុះ ព្រមទាំងទឹកជំនន់ជាដើម។

ក្នុងរយៈពេលជាង២០ឆ្នាំកន្លងមកនេះអាជ្ញាធរជាតិអប្សរា ដែលមានកិច្ចសហការជាមួយស្ថាប័នផ្សេងៗ បានប្រឹងប្រែងយ៉ាងខ្លាំង ក្នុងការដាំដើមឈើចម្រុះនៅក្នុងតំបន់ឧទ្យានអង្គរ បានចំនួនជាង២លានដើម៕

Leave a Reply

Your email address will not be published. Required fields are marked *