ក្រុមអ្នកជំនាញរបស់អាជ្ញាធរជាតិអប្សរា កំពុងជួសជុលប្រាង្គឥដ្ឋលេខ៤ ដែលស្ថិតនៅក្នុងកំពែងទី១ ផ្នែកខាងត្បូងប្រាង្គកណ្តាលនៃប្រាសាទបាគង ដោយប្រើរយៈពេល៦ខែ ចាប់ផ្តើមពីខែឧសភា ហើយនឹងបញ្ចប់នៅចុងខែធ្នូ ឆ្នាំ២០២៥ ខាងមុខ។ បច្ចុប្បន្នប្រាង្គនេះ មានហានិភ័យដោយកត្តាមួយចំនួនបណ្តាលឱ្យតួប្រាសាទទាំងមូល ចាប់ពីខឿនរហូតទៅដល់កំពូល មានភាពខូចខាតធ្ងន់ធ្ងរ ដែលត្រូវការសង្គ្រោះជាបន្ទាន់។
លោក សារាយ គឹមហួល បុរាណវិទូ និងជាប្រធានអភិរក្សតំបន់រលួស នៃអាជ្ញាធរជាតិអប្សរា ឱ្យដឹងថា ប្រាង្គលេខ៤ ត្រូវជួសជុលដោយចែកជាពីដំណាក់កាល។ ដំណាក់កាលទី១ កាលពីឆ្នាំ២០២៤ គឺបានជួសជុលផ្នែកជ្រុងខាងលិច និងដំណាក់កាលទី២ នៅឆ្នាំ២០២៥ គឺជួសជុលជ្រុងខាងជើង ខាងកើត ខាងត្បូង។ ចាប់ពីខឿន ជណ្តើរ ជញ្ជាំង និងកំពូលនៃប្រាង្គឥដ្ឋនេះ។

លោក គឹមហួល បញ្ជាក់ទៀតថា ថ្វីត្បិតតែប្រាង្គលេខ៤ មានកម្ពស់២០ម៉ែត្រ នៅរក្សារូបរាងពេញលេញ និងលម្អដោយកំបោរបាយអបូកពីខាងក្រៅនៅសេសសល់តិចតូច តែមានហានិភ័យខ្ពស់នៅផ្នែកខ្លះ ពិសេសចំណុចដែលជួសជុលនៅសម័យបារាំង ដោយសារតែអាយុកាល ការកកើតកំណកដីនៅស្រទាប់ឥដ្ឋ រុក្ខជាតិដុះជ្រៀកតាមស្រទាប់ឥដ្ឋបណ្តាលឱ្យរចនសម្ពន្ធឥដ្ឋចុះខ្សោយ និងរលុះធ្លាក់។

ក្រុមអ្នកជំនាញនៃអាជ្ញាធរជាតិអប្សរា ដែលជួសជុលពង្រឹងប្រាង្គលេខ៤នេះ ឡើងវិញត្រូវធ្វើការដោយប្រុងប្រុងប្រយ័ត្នបំផុតចំពោះហានិភ័យគ្រប់ស្រទាប់ឥដ្ឋនីមួយៗដែលពុកផុយ ហើយផ្នែកឥដ្ឋដែលត្រូវរុះរើ ធ្វើឡើងម្តងមួយៗចៀសវាងនាំឱ្យមានឥដ្ឋដែលមិនមានលំនឹងស្រាប់នោះរលុះធ្លាក់ខូចខាតបន្ថែមទៀត៕



