ប្រាសាទតាព្រហ្ម មានភាពល្បីល្បាញ និងលេចធ្លោ ដោយលក្ខណៈពិសេសនៃសំណង់ស្ថាបត្យកម្ម និងហ៊ុមព័ទ្ធទៅដោយធម្មជាតិ

ក្នុងចំណោមប្រាសាទបុរាណ ដែលស្ថិតនៅក្នុងតំបន់អង្គរ ប្រាសាទតាព្រហ្ម គឺជាបុរាណដ្ឋាន ដ៏ទាក់ភ្នែកទេសចរយ៉ាងខ្លាំង បន្ទាប់ពីប្រាសាទអង្គរវត្ត។ ប្រាសាទនេះ មានទីតាំងស្ថិតនៅខាងកើត ខ្លោងទ្វារជ័យ ក្រុងអង្គរធំ ដែលមានចំងាយប្រមាណ៣​គីឡូម៉ែត្រ ប្រាសាទតាព្រហ្ម កសាងឡើងអំពីថ្មភក់ និងថ្មបាយក្រៀម នៅលើដីរាបស្មើ ប្រមាណជាង​៧៣ហិកតា។

លោកស្រី នេត ស៊ីមន អ្នកបុរាណវិទូ និងជាមន្ត្រីបច្ចេកទេស នាយកដ្ឋានអភិរក្សប្រាសាទ និងបុរាណវិទ្យា របស់អាជ្ញាធរជាតិអប្សរា បានឱ្យដឹងថា បា្រសាទតាព្រហ្ម ត្រូវបានកសាងឡើង ក្នុងឆ្នាំ១១៨៦នៃគ្រឹស្តរាជ ក្នុងរាជព្រះបាទជ័យវរ្ម័នទី៧ គឺជាប្រាសាទព្រះពុទ្ធសាសនាមហាយាន ដ៏ធំមួយ ដែលកសាងឡើងដើម្បីឧទ្ទិសថ្វាយ ព្រះមាតារបស់ព្រះអង្គ ដែលមានរូបតំណាងជាទម្រង់ព្រះនាងប្រាជ្ញាបារមី ជាភាពល្អឥតខ្ចោះនៃប្រាជ្ញា” (ជាភាសាសំស្រ្តឹត ហៅថា ប្រាជ្ញាបារាមីតា) តំណាងឱ្យព្រះវរមាតានៃព្រះពោធិសត្វគ្រប់អង្គ។

យោងតាមស្តម្ភសិលាចារឹកនៅប្រាសាទតាព្រហ្ម បានរៀបរាប់ថា ដោយសារប្រាជ្ញាបារមី ” Prajnaparamita” ជាទេពដ៏សំខាន់ ព្រះរាជាបានដាក់តម្កល់ នៅទីសក្ការៈនៃតួប៉មកណ្តាល និងមានបដិមាចំនួន២៦០អង្គ បានតម្កល់នៅជុំវិញនៃប្រាសាទកណ្តាលនោះ។ តាមទំនៀមបុរាណ កម្មវិធីបុណ្យតាមប្រក្រតីទិន តែងបានធ្វើឡើងដោយទៀងទាត់ ដោយ​មានគ្រឿងឧបភោគបរិភោគ ដែលដង្វាយព្រះច្រើនសន្ឋឹកសន្ឋាប់ ។

លោកស្រីនេត ស៊ីមន បញ្ជាក់ទៀតថា ភ្ញៀវទេសចរជាតិ និងអន្តរជាតិរាប់រយនាក់ ក្នុងមួយថ្ងៃៗបានចូលមកទស្សនាប្រាសាទតាព្រហ្ម ដែលជាប្រាសាទមួយ មានភាពល្បីល្បាញ និងលេចធ្លោ ហ៊ុមព័ន្ធទៅដោយធម្មជាតិ ជាពិសេសដើមឈើធំៗ មានដើមស្ពង់ ដើមត្រាង ដើមជ្រៃ និងដើមចាន់ ដោយឬស្សរបស់ដើមឈើទាំងនោះ បានចាក់ជ្រៀតចូលក្នុងប្រាសាទ ហាក់បង្ហាញថា ដើមឈើនិងប្រាសាទមានជីវីតតែមួយ។

អ្នកបុរាណវិទូ បន្ថែមទៀតថា ដោយសារកត្តាអាយុកាលនៃសំណង់បុរាណ កត្តាធម្មជាតិ និងកត្តាមនុស្សធ្វើឱ្យទីតាំងបុរាណដ្ឋានមួយនេះ បានរងការខូចខាតទៅតាមផ្នែកនីមួយៗ។ តាមរយៈការយកចិត្តទុកពីអាជ្ញាធរជាតិអប្សរា និងដោយមានកិច្ចសហការជាមួយស្ថាប័នស្រាវជ្រាវបុរាណវិទ្យាឥណ្ឌា (ASI) បានធ្វើការអភិរក្ស និងជួសជុល និងថែទាំប្រាសាទតាព្រហ្ម តាមទីតាំងដែលបានខូចខាត។ ទាំងនេះ ដើម្បីធានាសុវត្ថិភាព និងនិរន្តរភាពនៃប្រាសាទបុរាណមួយនេះ ឱ្យឈរឹងមាំជាមរតកសម្រាប់មនុស្សជាតិ៕

Leave a Reply

Your email address will not be published. Required fields are marked *