នៅថ្ងៃទី០៦ ខែធ្នូ ឆ្នាំ២០២៥នេះ ក្រុមអ្នកជំនាញការអាដហុក នៃគណៈកម្មាធិការអន្តរជាតិសម្របសម្រួលកិច្ចគាំពារ និងអភិវឌ្ឍន៍តំបន់រមណីយដ្ឋានប្រវត្តិសាស្រ្តអង្គរ និងសំបូរព្រៃគុក ហៅកាត់ថាអាយស៊ីស៊ី-អង្គរ/សំបូរព្រៃគុក ព្រមទាំងអ្នកជំនាញ នៃអាជ្ញាធរជាតិអប្សរា បានបន្តចុះពិនិត្យការងាពិនិត្យគម្រោងកែសម្រួលវង់ទស្សនានៅប្រាសាទបន្ទាយស្រី ដោយក្នុងឱកាសនោះ ក្រុមអ្នកជំនាញការ បានស្ដាប់ការធ្វើបទបង្ហាញ ស្តីពីកែសម្រួលវង់ទស្សនា ក៏ដូចជាផ្តល់អនុសាសន៍បន្ថែមដល់ការងារទាំងនោះឱ្យកាន់តែល្អប្រសើរ។ល។
សូមជម្រាបថា ក្រុមអ្នកជំនាញការអាដហុក នៃគណៈកម្មាធិការអន្តរជាតិសម្របសម្រួលកិច្ចគាំពារ និងអភិវឌ្ឍន៍តំបន់រមណីយដ្ឋានប្រវត្តិសាស្រ្តអង្គរ និងសំបូរព្រៃគុក ហៅកាត់ថា អាយស៊ីស៊ី-អង្គរ/សំបូរព្រៃគុក បានចាប់ផ្តើមចុះពិនិត្យតាមការដ្ឋានសំខាន់ៗដើម្បីត្រួតពិនិត្យតាមការដ្ឋានជួសជុលប្រាសាទក្នុងតំបន់រមណីយដ្ឋានអង្គរ មុនកិច្ចប្រជុំផ្លូវការ។

ការងារចុះតាមការដ្ឋានជួសជុលប្រាសាទនៅពេលនេះ មានរយៈពេលប្រមាណមួយសប្ដាហ៍ ដែលចាប់ផ្តើមពីថ្ងៃទី១ រហូតដល់ថ្ងៃទី៩ ខែធ្នូ ដើម្បីសិក្សាស្វែងយល់ និងពិនិត្យការងារដែលអនុលោមតាមអនុសាសន៍ ដែលអ្នកជំនាញការបានផ្តល់អនុសាសន៍នាពេលកន្លងមក៕




