ស្ពានហាលខាងកើតរបស់ប្រាសាទបេងមាលាបានជួសជុលរួចរាល់ទាំងស្រុងហើយ

គម្រោងនៃកិច្ចសហប្រតិបត្តិការរវាងអាជ្ញាធរជាតិអប្សរានិងមូលនិធិពិសេសរបស់គម្រោងមេគង្គ-ឡានឆាង បានជួសជុលស្ពានហាលខាងកើតរបស់ប្រាសាទបេងមាលារួចរាល់ទាំងស្រុងហើយបន្ទាប់ពីចំណាយរយៈពេលជាង១ឆ្នាំ។ គម្រោងជួសជុលស្ពានហាលខាងកើតរបស់ប្រាសាទ​បេងមាលា បានចាប់ផ្តើមតាំងតែពីខែឧសភា ឆ្នាំ​២០២៤​មក។

លោក ឮ ចាន់ណូរ៉ា បុគ្គលិកបច្ចេកទេសនាយកដ្ឋានអភិរក្សប្រាសាទ និងបុរាណវិទ្យា នៃអាជ្ញាធរជាតិអប្សរា ឱ្យដឹងថា រយៈពេលជាង១៦ខែ ក្រុមអ្នកជំនាញអាជ្ញាធរជាតិអប្សរា បានជួយសង្គ្រោះរចនាសម្ពន្ធជាច្រើនកន្លែងរបស់ស្ពានហាលខាងកើតនៃប្រាសាទបេងមាលា ដែលធ្លាប់តែទ្រុឌទ្រោមធ្ងន់ធ្ងរឱ្យរឹងមាំឡើងវិញ។

ជាមួយគ្នានេះ ក្រុមការងារក៏បានពង្រឹងគ្រឹះនៅផ្នែកខាងជើង និងខាងត្បូង ជញ្ជាំងស្ពាន តួស្ពាន កម្រាលស្ពាន ព្រមទាំងដំឡើងបង្កាន់ដៃនាគ តួខ្លួននាគ ក្បាលនាគ ជើងទម្រនាគ ធ្នឹម និងសសរសងខាងស្ពាននៅផ្នែកខាងជើង និងត្បូងឱ្យរួចរាល់ទាំងស្រុងដែរ។

បច្ចុប្បន្ននេះ ដំណើរការជួសជុលស្ពានហាលខាងកើតរបស់ប្រាសាទបេងមាលានៅសេសសល់តែការងារតិចតួចមួយចំនួនដូចជា កម្រាលស្ពាន ក្បាលសសរ និងតួសសរមួយចំនួនត្រូវបិទបាយអ សៀតថ្មដែលបែកតូចៗដើម្បីជួយពង្រឹងឱ្យរឹងមាំ ហើយផ្នែកសងខាងនៃស្ពាន លើកដីធ្វើជាទំនប់ ស្តារអាចម៍ដីនៅផ្នែកខាងក្រោមដែលកកស្ទះ ដើម្បីឱ្យទឹកហូរឆ្លងកាត់បានតាមរន្ធត្រដេវ ព្រមទាំងសម្អាត កាប់ឆ្ការព្រៃប៉ុណ្ណោះ។ ចំពោះដើមឈើដែលដុះជុំវិញស្ពាន ក្រុមការងារក៏បានដកហូតកាត់ក្រីមែកឈើមួយចំនួនដែលនៅកៀកនឹងស្ពាន ដើម្បីការពារការដួលរលំសង្កត់លើស្ពាន ជាពិសេសក្បាលនាគ។

លោក ចាន់ណូរ៉ា បញ្ជាក់ទៀតថា មុនពេលជួសជុល គឺស្ពានហាលខាងកើតនេះ មានស្ថានភាពខូចខាតស្ទើរទាំងស្រុង។ ជញ្ជាំងស្ពានស្រុត ប្រេះហែករលុះធ្លាក់មួយចំនួន ចំណែកឯ បង្កាន់ដៃនាគរលំដួលទាំងអស់ ថ្មបាក់ជាច្រើនកំណាត់ កម្រាលស្ពានស្រុត ហែកចេញជាច្រើនផ្នែក ថ្មពុកផុយ ហើយសសរមូលទ្របង្កាន់ដៃនាគក៏ដួលរលំ។

ស្ពានហាលខាងកើតនៃប្រាសាទបេងមាលា មានបណ្តោយប្រមាណ៧០ម៉ែត្រ ទទឹង១៣ម៉ែត្រ និងកម្ពស់៣.២៧ម៉ែត្រ។ ស្ពាននេះ មានសសរចំនួន១២ រន្ធត្រដេវមានចំនួន១៣។ ស្ពានហាលខាងកើតនៃប្រាសាទបេងមាលានេះ ជាច្រកចូលខាងកើត ដែលមានប្រវែងវែងជាងគេ បន្តភ្ជាប់ទៅខឿនបឹងកែវ​(កំពង់ទឹក) របស់បារាយណ៍(មានទំហំ១៦៧០មx៨៦៥ម)៕


Leave a Reply

Your email address will not be published. Required fields are marked *