នៅព្រឹកថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២៥ អាជ្ញាធរជាតិអប្សរា និងទីភ្នាក់ងារបេតិកភណ្ឌកូរ៉េ (Korean Heritage Agency ) បានរៀបចំពិធីសម្ពោធជាផ្លូវការនូវមជ្ឈមណ្ឌលវិទ្យាសាស្រ្ត អភិរក្សអប្សរា ដែលមជ្ឈមណ្ឌលនេះដើរតួសំខាន់ក្នុងការរួមចំណែកអភិរក្ស និងជួសជុលប្រាសាទក្នុងតំបន់រមណីយដ្ឋានអង្គរ។ ពិធីសម្ពោធនេះ ក៏មានការចូលរួមពីអភិបាលរងខេត្ត នៃគណៈអភិបាលខេត្តសៀមរាប លោក ឌី រ៉ាឌូ ថ្នាក់ដឹកនាំ មន្រ្តី-បុគ្គលិកអាជ្ញាធរជាតិអប្សរាជាច្រើនរូប។
ឯកឧត្តមបណ្ឌិត ហង់ ពៅ អគ្គនាយកអាជ្ញាធរជាតិអប្សរា បានចាត់ទុកមជ្ឈមណ្ឌលវិទ្យាសាស្រ្តអភិរក្សអប្សរា ដែលជាជំនួយរបស់ទីភ្នាក់ងារបេតិកភណ្ឌកូរ៉េ ថានឹងរួមចំណែកជួយដល់ការងារអភិរក្ស និងជួសជុលប្រាសាទក្នុងតំបន់រមណីយដ្ឋានអង្គរ កាន់តែប្រសើរ និងមានប្រសិទ្ធភាព។ បន្ថែមពីនេះ ឯកឧត្តមអគ្គនាយកក៏បានថ្លែងអំណរគុណដល់កូរ៉េ ដែលចូលខ្លួនមកជួយប្រាសាទបុរាណខ្មែរចាប់ពីឆ្នាំ២០១៥មក ដែលដំបូងគេចាប់ផ្តើមនៅក្រុមប្រាសាទព្រះពិធូរ ព្រះលានជល់ដំរី និងប្រាសាទអង្គរវត្ត។

លោកស្រី Lee Eun-bok អគ្គនាយកនៃអគ្គនាយកដ្ឋានគោលនយោបាយបេតិកភណ្ឌ នៃស្ថាប័នបេតិកភណ្ឌកូរ៉េ (Korea Heritage Service) បានលើកឡើងពីទំនាក់ទំនងល្អរវាងកម្ពុជា និងកូរ៉េ ហើយផ្នែកបេតិកភណ្ឌនេះ កូរ៉េបានជួយលើការអភិរក្សរមណីយដ្ឋានអង្គរ ចាប់ផ្តើមមានទំនាក់ទំនង និងចុះអនុស្សរណៈយោគយល់គ្នាក្នុងឆ្នាំ២០១៣។

លោកស្រីអគ្គនាយក បានបង្ហាញក្តីរីករាយ និងមោទនភាពចំពោះការងារអភិរក្ស និងជួសជុលប្រាសាទអង្គរវត្ត ដែលកូរ៉េបានចូលរួមជួសជុលចាប់ពីឆ្នាំ២០២៤មកផងដែរ។

សូមបញ្ជាក់ថា មជ្ឈមណ្ឌលវិទ្យាសាស្រ្តអភិរក្សអប្សរា មានបំពាក់សម្ភារ បរិក្ខាសរុប ៦៧មុខ ដែលសុទ្ធសឹងជាសម្ភារបរិក្ខាទំនើបៗ និងគិតជាទឹកប្រាក់ប្រហែល៣០ម៉ឺនដុល្លារអាមេរិក៕


