ក្រុមអ្នកជំនាញការអាដហុក នៃគណៈកម្មាធិការអន្តរជាតិសម្របសម្រួលកិច្ចគាំពារ និងអភិវឌ្ឍន៍តំបន់រមណីយដ្ឋានប្រវត្តិសាស្រ្តអង្គរ និងសំបូរព្រៃគុក ហៅកាត់ថា អាយស៊ីស៊ី-អង្គរ/សំបូរព្រៃគុក បានបន្តចុះពិនិត្យនូវកិច្ចការមួយចំនួននៅតាមការដ្ឋានជួសជុលសំខាន់ៗមុនកិច្ចប្រជុំផ្លូវការមកដល់ ដែលគ្រោងនឹងធ្វើនៅថ្ងៃទី១១-១២ ខែធ្នូ ឆ្នាំ២០២៥។
ជាក់ស្តែង ព្រឹកថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០២៥ ជាថ្ងៃចុងក្រោយរបស់អ្នកជំនាញការអន្តរជាតិ និងថ្នាក់ដឹកនាំអាជ្ញាធរជាតិអប្សរា ដឹកនាំដោយឯកឧត្តម ហង់ ពៅ អគ្គនាយកនៃអាជ្ញាធរជាតិអប្សរា អគ្គនាយករង និងសហការី បានចុះពិនិត្យការដ្ឋានជួសជុលប្រាសាទមេបុណ្យខាងលិច។

ខណៈនោះដែរ ក្រុមការងារជួសជុល បានធ្វើបទបង្ហាញជូនក្រុមអ្នកជំនាញអន្តរជាតិ ក៏ដូចជាទទួលនូវអនុសាសន៍ផ្សេងៗពីអ្នកជំនាញដើម្បីឱ្យការអនុវត្តការងារទាំងនោះឱ្យកាន់តែល្អប្រសើរ។ល។

សកម្មភាពក្រុមអ្នកជំនាញការអាដហុក តែងចុះពិនិត្យនៅតាមការដ្ឋានជួសជុលសំខាន់ៗមុនកិច្ចប្រជុំធំរបស់គណៈកម្មាធិការអន្ដរជាតិអាយស៊ីស៊ី-អង្គរ/សំបូរព្រៃគុក ធ្វើឡើងចំនួនពីរដងក្នុងមួយឆ្នាំ។ សូមបញ្ជាក់ដែរថា កិច្ចប្រជុំខាងមុខនេះ ជាកិច្ចប្រជុំបច្ចេកទេសលើកទី៤១ និងកិច្ចប្រជុំពេញអង្គលើកទី៣២៕



