អាជ្ញាធរជាតិអប្សរា គ្រោងនឹងបញ្ចប់ការជួសជុលប្រាង្គG15 នៃប្រាសាទភ្នំបាខែង នៅចុងឆ្នាំ២០២៤

ការងារជួសជុលប្រាង្គG15 នៃប្រាសាទភ្នំបាខែង ដោយក្រុមអ្នកជំនាញរបស់អាជ្ញាធរជាតិអប្សរា មកពីនាយកដ្ឋានអភិរក្សប្រាសាទ និងបុរាណវិទ្យា បានចាប់​ផ្តើមនៅខែឧសភាហើយគ្រោងនឹងបញ្ចប់នៅខែធ្នូ ឆ្នាំ​២០២៤ ខាងមុខនេះ។

អ្នកស្រី ឈុន រតនា បុរាណវិទូនៃអាជ្ញាធរជាតិអប្សរា ឱ្យដឹងថា ការងារជួសជុលប្រាង្គG15 រយៈពេល៦ខែ កន្លងនេះ បានសម្រេចបាននូវការងារដូចជា ជួសជុលជញ្ជាំងផ្នែកខាងក្នុង ជួសជុលខ្លោងទ្វារទិសខាងកើត ជួសជុលពង្រឹងខឿនខាងត្បូង និងកំពុងបន្តពន្លឿនការងារជួសជុលជញ្ជាំងផ្នែកខាងត្បូង ខាងជើងមក​ដល់​បច្ចុប្បន្ន សម្រេចការងារសរុបបានប្រមាណ៩៥​ភាគរយហើយ។

អ្នកស្រី រតនា ឱ្យដឹងទៀតថា ប្រាង្គនេះមានហានិភ័យខ្លាំង១ក្នុងចំណោមប្រាង្គដែលសាងអំពីថ្មបាយក្រៀម និងឥដ្ឋ ដែលទាមទារឱ្យជួសជុលជាបន្ទាន់ ដើម្បីឲ្យជញ្ជាំងឥដ្ឋដែលនៅសល់ដួលរលំ។

អ្នកជំនាញរូបនេះ បញ្ជាក់ថា មុនជួសជុល ប្រាង្គG15 មានស្ថានភាពខូចខាតដោយសារអាយុកាល កង្វះការថែទាំ រុក្ខជាតិដុះជ្រែកឥដ្ឋប្រាសាទ និងកត្តាទឹក​ភ្លៀងជ្រាបចូលរចនាសម្ពន្ធប្រាសាទ ធ្វើឱ្យប្រាសាទរងការពុកផុយនៅផ្នែកកំពូលខាងលើ និងនៅតាមជ្រុងនីមួយៗជាបន្តបន្ទាប់។

ដូច្នេះហើយ ក្រុមការងាររបស់អាជ្ញាធរជាតិអប្សរា បានជួសជុលទប់ស្កាត់ការខូចខាតជាបន្តទៀត ដើម្បីការ​ពារ​ជម្រាបទឹក ការពាររុក្ខជាតិដុះ ដើម្បីឱ្យប្រាង្គនេះ មានភាពរឹងមាំយូរអង្វែងបន្តទៀត៕

Leave a Reply

Your email address will not be published. Required fields are marked *