មន្រ្តីជំនាញតម្រូវឱ្យស្ត្រីឈ្មោះ អេន ចរិយា បញ្ឈប់ជាបន្ទាន់ចំពោះការតាំងខ្លួន ជាព្រះនាងឥន្រ្ទទេវី និងការប្រតិបត្តិមិនត្រឹមត្រូវក្នុងព្រះពុទ្ធសាសនា

សៀមរាប៖ លោក យុន លីណេ អភិបាលរងខេត្តសៀមរាប នៅថ្ងៃទី០២ខែកុម្ភ:ឆ្នាំ២០២៥ បានដឹកនាំមន្ត្រីជំនាញពាក់ពន្ធ័កោះហៅស្ត្រីឈ្មោះអេន ចរិយា ហៅអ្នកគ្រូលី ធ្វើកិច្ចសន្យាបញ្ឈប់សកម្មភាពតាំងខ្លួនជាអ្នកមានបុណ្យ ជាព្រះនាងឥន្រ្ទទេវី និងការប្រតិបត្តិមិនត្រឹមត្រូវក្នុងព្រះពុទ្ធសាសនា និងព្រមានចាត់វិធានការផ្លូវច្បាប់ប្រសិនបើកើតមានម្តងទៀត។
មន្ត្រីជំនាញដែលមកពីមន្ទីរធម្មការ និងសាសនា មន្ទីរវប្បធម៌ និងវិចិត្រសិល្បៈ អាជ្ញាធរក្រុងសៀមរាប អាជ្ញាធរជាតិអប្សរា ព្រះមេគណខេត្តសៀមរាប ចូលរួមផងនោះ​ បានចុះទៅជួបស្ត្រី អេន ចរិយា ហៅ អ្នកគ្រូ លី ដែលកំពុងស្នាក់នៅវត្តអង្គរខាងជើង ក្នុងសង្កាត់នគរធំ ក្រុងសៀមរាប ខេត្តសៀមរាប ។

ការចុះធ្វើកិច្ចសន្យានេះបន្ទាប់ពីស្ត្រី អេន ចរិយា ហៅអ្នកគ្រូលី បានធ្វើសកម្មភាពម្តងជា២ដងនៅក្នុងតំបន់អង្គរ ដោយតាំងខ្លួនជាអ្នកមានបុណ្យ ជាព្រះនាងឥន្ទ្រទេវី វីរៈក្សត្រីនាសម័យអង្គរ និងតាំងខ្លួនថា មានបារមីចូលសណ្ឋិត ។


លោក យុន លីនណេ អភិបាលរងខេត្តសៀមរាប បានថ្លែងថា ការចុះមកនេះ គឺដើម្បីការពារព្រះពុទ្ធសាសនា ដែលជាសាសនារបស់រដ្ឋ ហើយអ្នកដែលមានជំនឿផ្សេងៗគ្នាមិនមានការហាមឃាត់ទេ ប៉ុន្តែកុំយកសាសនាមកលាយឡំ ធ្វើឲ្យប៉ះពាល់ដល់កិត្តិ​យស​​ពុទ្ធសាសនាដែលជាសាសនារបស់រដ្ឋ ដោយយើងត្រូវថែរក្សាការពារព្រះពុទ្ធសាសនាឱ្យនៅផូផង់ដដែរ។


ចំណែកលោក វណ្ណ ប៊ុនណា ប្រធានមន្ទីរធម្មការ និងសាសនាខេត្តសៀមរាប ក៏បានលើកឡើងដែរថា នេះជាលើកទី២ហើយ សម្រាប់ករណីលោកស្រី អេន ចរិយា ហៅអ្នកគ្រូលី ដែលតាំងខ្លួនជាអ្នកមានបុណ្យ ជាព្រះនាងឥន្ទ្រទេវី វីរៈក្សត្រីនាសម័យអង្គរ ដោយកាលពីឆ្នាំ២០២៤ មានម្តងនៅរាជធានីភ្នំពេញ លើកទី២នេះ នៅវត្តអង្គរខាងជើងខេត្តសៀមរាប។ លោកបញ្ជាក់ថា បើសិនជាមានលើកទី៣អាជ្ញាធរនឹងចាត់វិធានការតាមផ្លូវច្បាប់ ដោយឈប់មានធ្វើកិច្ចសន្យាទៀតហើយ។

ក្នុងកិច្ចសន្យាដែលស្ត្រីអ្នកគ្រូលី ជាអ្នកលក់ទំនិញតាមអនឡាញផងនោះ បានធ្វើកិច្ចសន្យាមានដូចខាងក្រោម ១.បញ្ឈប់សកម្មភាពប្រតិបត្តិសាសនាដែលមិនត្រឹមត្រូវ នៅតាមបណ្តាញសង្គមនិងទីសាធារណ: ២.យល់ព្រមលុបរូបភាព និងវីដេអូដែលខ្លួនបានបង្ហោះកន្លងមក ដែលតាំងខ្លួនជាអ្នកមានបុណ្យ និងព្រះនាងឥន្ទ្រទេវី ៣.ឈប់ធ្វើសកម្មភាពតាមប្រាសាទ និងសកម្មភាពតាំងខ្លួនជាអ្នកមានបុណ្យ ដែលលោកតាលោកយាយថ្វាយបង្គំថ្មីៗនេះ ៤.ឈប់ប្រើប្រាស់ភាសាគ្មានក្បួនច្បាប់ និង៥.ធ្វើវីដេអូសុំទោសជាសាធារណ: និងសន្យាមិនឱ្យសកម្មភាពបែបនេះបន្តទៀតឡើយ។

  សូមបញ្ជាក់ថា លោកស្រី អេន ចរិយា ហៅអ្នកគ្រូលី បានធ្វើសកម្មភាពតាំងខ្លួនជាអ្នកមានបុណ្យ ជាព្រះនាងឥន្ទ្រទេវី វីរៈក្សត្រីនាសម័យអង្គរ និងតាំងខ្លួនថាមានបារមី ចូលសណ្ឋិត ដែលឱ្យលោកតាលោកយាយ មានជំនឿហើយថ្វាយបង្គំគាត់ និងបានធ្វើសកម្មភាពបញ្ជូលសិល្បអាគមឱ្យទៅ លោកយាយលោកតា ទាំងនោះ គឺជាការខុសឆ្គង៕

Leave a Reply

Your email address will not be published. Required fields are marked *