នៅថ្ងៃទី៣០ ខែមិថុនា ឆ្នំា២០២៥នេះ លោកគ្រូអ្នកគ្រូបន្ទុកថា្នក់ នៃសាលាបឋមសិក្សាវត្តរាជបូណ៍ បានដឹកនាំ សិស្សានុសិស្សថ្នាក់ទី៦ ចំនួនជាង២០០នាក់ ធ្វើដំណើរទស្សនកិច្ចសិក្សា នៅសារមន្ទីរវាយនភណ្ឌប្រពៃណីអាស៊ី។

ក្នុងដំណើរទស្សនកិច្ចសិក្សានោះ ក្រៅពីការធ្វើបទបង្ហាញ ដោយអ្នកជំនាញ អំពីការយកចិត្តទុកដាក់ថែរក្សាសម្លៀកបំពាក់ (សមុច្ច័យ) ក្នុងវិស័យវាយនភណ្ឌ សារមន្ទីរក៏បានអនុញ្ញាតឱ្យសិស្សានុសិស្ស ហាត់រៀន អនុវត្តការជ្រលក់ពណ៌ ដែលជាផ្នែកមួយ នៅក្នុងដំណាក់កាល នៃការត្បាញវាយនភណ្ឌ ដើម្បីបានពណ៌ផ្សេងៗតាមការចង់បានរបស់អ្នកត្បាញ។

សូមជម្រាបថា សារមន្ទីរវាយនភណ្ឌប្រពៃណីអាស៊ី មានទីតាំងក្នុងភូមិបឹងដូនប៉ា តាមបណ្តោយផ្លូវសម្តេចវិបុលបញ្ញាសុខ អាន (ផ្លូវ៦០ម៉ែត្រ) សង្កាត់ស្លក្រាម ក្រុងសៀមរាប។ សារមន្ទីរនេះ បើកឱ្យសាធារណៈជនបានចូលទស្សនា៦ថ្ងៃក្នុងមួយសប្តាហ៍ លើកលែងថ្ងៃអង្គារ ចាប់ពីម៉ោង៨ និង៣០នាទី ដល់ម៉ោង៤ល្ងាច៕





