Breaking News
Download Free FREE High-quality Joomla! Designs • Premium Joomla 3 Templates BIGtheme.net
Home / Uncategorized / ជប៉ុនបន្តផ្តល់ជំនួយលើការផ្ទេរចំណេះដឹង និងបច្ចេកវិទ្យា និងសម្ភារៈក្នុងការងារជួសជុលនិងអភិរក្សរមណីយដ្ឋានអង្គរនិងសំបូរព្រៃគុក

ជប៉ុនបន្តផ្តល់ជំនួយលើការផ្ទេរចំណេះដឹង និងបច្ចេកវិទ្យា និងសម្ភារៈក្នុងការងារជួសជុលនិងអភិរក្សរមណីយដ្ឋានអង្គរនិងសំបូរព្រៃគុក

គណៈកម្មាធិការអន្តរជាតិ សម្របសម្រួល កិច្ចគាំពារ និងអភិវឌ្ឍន៍រមណីយដ្ឋានអង្គរ និងសំបូរព្រៃគុក របស់អង្គការUNESCO កំពុងបើកកិច្ចប្រជុំពេញអង្គ លើកទី៣០នៅខេត្តសៀមរាប នាព្រឹកថ្ងៃទី១៥ខែមីនាឆ្នាំ២០២៤ នេះ។

កិច្ចប្រជុំពេញអង្គ ដឹកនាំដោយសហប្រធានឯកអគ្គរដ្ឋទូតបារាំងនិងជប៉ុន ប្រចាំព្រះរាជាណាចក្រកម្ពុជា បានពិភាក្សាទៅលើសេចក្តីប្រកាសរួម របស់អន្តររដ្ឋាភិបាល ដែលបានប្រព្រឹត្តទៅនៅទីស្នាក់ការ​UNESCO ក្នុងទីក្រុងប៉ារីស កាលពីថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២៣កន្លងទៅ ស្ដីពីរមណីយដ្ឋានអង្គរនិងសំបូរព្រៃគុក ដោយផ្តោតទៅលើយុទ្ធសាស្ត្រ ជាច្រើនសម្រាប់ការងារអភរិក្សនិងអភិវឌ្ឍន៍ សហគមន៍មូលដ្ឋាន ការអភិវឌ្ឍន៍ សេដ្ឋកិច្ចនិងវប្បធម៌ បង្កើនប្រាក់ចំណូលផ្នែកកសិកម្ម សិប្បកម្ម តាមរយៈការបណ្តុះបណ្តាលធនធានមនុស្ស ការផ្តល់សម្ភារៈ និងហេដ្ឋារចនាសម្ព័ន្ធសមស្រប នៅក្នុងតំបន់រមណីយដ្ឋានអង្គរនិងសំបូរព្រៃគុក ក្នុងរយៈពេល​១០ឆ្នាំតទៅមុខទៀត។

សហប្រធានបារាំង លោក Piere PELLET ថ្លែងនៅក្នុងកិច្ចប្រជុំពេញអង្គនោះថាការងារអភិរក្សនិងអភិវឌ្ឍន៍រមណីយដ្ឋានអង្គរ ពិតជាមានបញ្ហាប្រឈមមិនតិចតួចឡើយ ក៏ប៉ុន្តែអ្នកគ្រប់គ្នាបានប្រឹងប្រែងជម្នះបញ្ហាទាំងនេះ រហូតដល់បានជោគជ័យ។

លោក PELLETបញ្ជាក់ទៀតថា យុទ្ធសាស្រ្តសម្រាប់ការអភិរក្សនិងអភិវឌ្ឍន៍រមណីយដ្ឋានអង្គរនិងសំបូរព្រៃគុក រយៈពេល១០ឆ្នាំទៅមុខទៀត គឺផ្ដោតលើចំណុចសំខាន់ៗមួយចំនួន ដូចជាបង្កើនការអភិវឌ្ឍន៍ ប្រកបដោយចិរភាពនៃរមណីយដ្ឋានអង្គរ នៅតែបន្តការពារអភិរក្សតម្លៃលេចធ្លោជាសាកលដោយយកចិត្តទុកដាក់លើបំរែបំរួលអាកាសធាតុ ការការពារបរិស្ថាន ទេសភាពវប្បធម៌ ការថែរក្សាធនធានធម្មជាតិ(ទឹកនិងព្រៃឈើ) ។

ការអភិវឌ្ឍន៍សហគមន៍មូលដ្ឋាន លើកកម្ពស់ការថែរក្សាប្រាង្គប្រាសាទ និងសកម្មភាពទេសចរណ៍ ប្រកបដោយស្មារតីទទួលខុសត្រូវ បង្កើន​សមត្ថភាព​ អ្នកជំនាញខ្មែរ ដើម្បីឆ្លើយតបនិងតម្រូវការពហុជំនាញនៃការគ្រប់គ្រង តាមរយៈការបណ្តុះបណ្តាល សិក្ខាសាលា អាហារូបករណ៍នៅបរទេស ការងារនៅតាមកន្លែង ការបំពេញភារកិច្ចជាក្រុមនិងការគ្រប់គ្រងស្ថាប័នដោយប្រើប្រាស់បច្ចេកវិទ្យាទំនើបនិង វិធីសាស្ត្រថ្មីៗ។

ពង្រឹងកិច្ចសហប្រតិបត្តិការអន្តរជាតិរបស់គណៈ​កម្មាធិការអាយស៊ីស៊ីអង្គរ និងសំបូរព្រៃគុក ដែលជាយន្តការ គំរូដោយផ្តោតការយកចិត្តទុកដាក់ទៅលើ ការផ្ទេរនូវចំណេះដឹងជំនាញនិងបទពិសោធន៍ពីអ្នកជំនាញ អន្តរជាតិមកអ្នកជំនាញខ្មែរជាដើម។

អនុរដ្ឋមន្ត្រីក្រសួងការបរទេសនិងជាតំណាងរាស្ត្រជប៉ុន លោក Masahiro Komura បានថ្លែងដែរថា ការអភិរក្សអង្គរ គឺជាសេចក្តីប្រាថ្នារបស់យើងដែលត្រូវចែករំលែកធ្វើការរួមគ្នា ដូច្នេះការពង្រឹងធនធាន​មនុស្ស សម្រាប់ការងារអភិរក្សនិងអភិវឌ្ឍន៍ គឺជាការ​ចែករំលែករួមគ្នាដើម្បីជួយដល់បេតិកភណ្ឌ ដែលជាសម្បត្តិរបស់មនុស្សជាតិ។

លោក Masahiro Komura ថ្លែងទៀតថា ជប៉ុននឹងបន្តផ្តល់ជំនួយដោយផ្អែកលើកម្លាំងរបស់យើង ជំនួយទាំងនេះរួមបញ្ចូលទាំងការសម្របសម្រួល ការផ្ទេរជំនាញ ចំណេះដឹង និងបច្ចេកវិទ្យា រវាងអ្នកជំនាញរបស់យើងនិងសមភាគីក្នុងស្រុក។

នៅក្នុងដំណើរការនេះ ប្រទេសជប៉ុនមានការប្តេជ្ញាចិត្តយ៉ាងមុតមាំក្នុងការធ្វើការយ៉ាងជិតស្និទ្ធជាមួយនឹងដៃគូដែលមានតាំងពីយូរមកហើយ រួមមានអង្គការយូណេស្កូ(UNESCO)  អាជ្ញាធរជាតិអប្សរា រាជរដ្ឋា​ភិ​បាលកម្ពុជានិងរដ្ឋាភិបាលបារាំងជាដើម​៕

About siemreaptoday

Check Also

ក្នុងសប្ដាហ៍ទី៣ នៃខែមេសានេះ អាជ្ញាធរជាតិអប្សរា សម្រេចអោយពលរដ្ឋអ្នកស្រុកអង្គរជួស​ជុល សាង​សង់តូចតាច សរុបចំនួន១៤ករណី

សប្ដាហ៍ទី៣ នៃខែមេសា ឆ្នាំ២០២៤នេះ ក្រុមការងារបច្ចេកទេស នាយកដ្ឋានគ្រប់គ្រងដីធ្លី បេតិកភណ្ឌក្រុង និងសហគមន៍ នៃអាជ្ញាធរជាតិអប្សរា បានចុះពិនិត្យទីតាំងស្នើសុំសាងសង់លំនៅដ្ឋានប្រជាពលរដ្ឋ  និងសំណង់សាធារណៈផ្សេងៗ និងអនុញ្ញាតជូនដល់ប្រជាពលរដ្ឋដែលជាអ្នកស្រុកចាស់ចំនួន១៤ករណី។ ប្រជាពលរដ្ឋដែលជាអ្នកស្រុកចាស់ ទទួលបានការអនុញ្ញាតរួមមាន៖ – ស្រុកពួកអនុញ្ញាតបាន …

Leave a Reply

Your email address will not be published. Required fields are marked *

Categories