Breaking News
Download Free FREE High-quality Joomla! Designs • Premium Joomla 3 Templates BIGtheme.net
Home / Uncategorized / ក្រុមកម្មករជួសជុលប្រាសាទបុរាណ បានបង្ហាញនូវទឹកចិត្តរីករាយ បន្ទាប់ពីបានបញ្ចប់ការជួសជុលប្រាង្គកណ្តាលនៃប្រាសាទតាព្រហ្មកិលរួចរាល់

ក្រុមកម្មករជួសជុលប្រាសាទបុរាណ បានបង្ហាញនូវទឹកចិត្តរីករាយ បន្ទាប់ពីបានបញ្ចប់ការជួសជុលប្រាង្គកណ្តាលនៃប្រាសាទតាព្រហ្មកិលរួចរាល់

ប្រាសាទតាព្រហ្មកិល ដែលជាអតីតមន្ទីរពេទ្យបុរាណសម័យអង្គរធ្លាប់តែរងការខូចខាតធ្ងន់ធ្ងរជាយូរមកហើយ។ ប៉ុន្តែពេលនេះ បានវិលត្រឡប់មករកស្ថានភាពរឹងមាំ និងមានរូបរាងស្ទើរតែពេញលេញដូចកាលពីសម័យដើមឡើងវិញហើយ។

ក្រុមកម្មករជួសជុលប្រាសាទបុរាណ បានបង្ហាញនូវទឹកចិត្តរីករាយ បន្ទាប់ពីបានបញ្ចប់ការជួសជុលប្រាង្គកណ្តាល ដែលជាហោរបន់ស្រន់របស់ប្រាសាទនេះរួចមក។

រស់នៅភូមិតាត្រៃ ឃុំព្រះដាក់ ស្រុកបន្ទាយស្រី ដែលបម្រើការងារជាកម្មករជួសជុលនៅប្រាសាទតាព្រហ្មកិល លោកតា សេង ស៊ន់ អាយុ៦៩ឆ្នាំ ឱ្យដឹងថា ស្ថានភាពប្រាសាទតាព្រហ្មកិលកាលពីមុនពេលជួសជុល មានការធ្លាក់រលុះថ្ម ប្រាសាទមិនមានលំនឹងព្រមទាំងមានសភាពទ្រុឌទ្រោមខ្លាំង ដោយមានការទល់ទ្រស្ទើរតែគ្រប់កន្លែង។

លោកតា សេង ស៊ន់ បានចូលរួមជួសជុលប្រាសាទ​តាព្រហ្មកិលនេះ ដោយមានតួនាទីជាអ្នកដាប់ឆ្លាក់ទាំងថ្មភក់ និងថ្មបាយក្រៀមបានបង្ហាញក្តីរំភើបថា រូបលោកមិនខ្ចិលឡើយ ចំពោះការងារជួសជុលប្រាសាទ។ លោកចូលចិត្ត ដោយមិននឿយហត់ ហើយមួយថ្ងៃៗចង់តែមក ចង់តែឃើញ និងនៅតែចង់ធ្វើការងារជួសជុលប្រាសាទបុរាណ។ ប្រសិនបើលោកនៅតែមានសុខភាពល្អ គឺលោកនឹងនៅតែមកចូលរួមធ្វើការងារជួសជុលប្រាសាទបុរាណបន្តទៀត។

អ្នកភូមិវាល ឃុំគោកចក ក្រុងសៀមរាបលោកតា ឡៃ ឡន អាយុ៦០ឆ្នាំ ជាអ្នកដាប់ឆ្លាក់ថ្មនៅការដ្ឋានជួស​ជុលប្រាសាទតាព្រហ្មកិលម្នាក់ទៀត មានប្រសាសន៍ថា លោកពិតជាសប្បាយចិត្តដែលបានចូលរួមជួស​ជុលប្រាសាទបុរាណរបស់ដូនតាខ្មែរ។ លោកយល់ថា ការជួសជុលឡើងវិញនេះ នឹងធ្វើឱ្យប្រាសាទរបស់ដូនតាខ្មែរ មានសភាពរឹងមាំបន្តទៀត ដើម្បីបន្សល់ទុកឱ្យកូនចៅជំនាន់ក្រោយបានឃើញ និងស្គាល់យូរ​អង្វែង។

ថ្វីត្បិតតែការងារជួសជុលអភិរក្ស និងថែរក្សាប្រាសាទ​បុរាណ ឱ្យបានរឹងមាំគង់នៅយូរអង្វែងបន្តទៅទៀត គឺជាតួនាទីនិងកាតព្វកិច្ចរបស់អាជ្ញាធរជាតិអប្សរា ក៏ប៉ុន្តែនៅក្នុងនោះ ក៏ត្រូវការប្រជាពលរដ្ឋជាច្រើនបានចូលរួមនៅក្នុងការងារជាច្រើនផ្នែកដែរ។

លោក សេង ស៊ន់ និងលោក ឡៃ ឡន សំណូមពរដល់ប្រជាពលរដ្ឋ ភ្ញៀវទេសចរ ទាំងឡាយសូមជួយចូលរួមថែរក្សា អភិរក្សប្រាសាទបុរាណរបស់ដូនតាខ្មែរ តាមគ្រប់រូបភាព ចៀសវាងការប្រើសកម្មភាពណាមួយមិនសមរម្យចំពោះប្រាង្គប្រាសាទ នាំឱ្យខូចខាតដល់ថ្មប្រាសាទ និងធ្វើឱ្យបាត់បង់តម្លៃរបស់សម្បត្តិបេតិកភណ្ឌដែលមិនអាចកាត់ថ្លៃបាននេះ៕

About siemreaptoday

Check Also

ក្នុងសប្ដាហ៍ទី៤ នៃខែមេសា  អាជ្ញាធរជាតិអប្សរា សម្រេចអោយអ្នកស្រុកអង្គរជួសជុលនិងសាងសង់៣៨ករណី

សប្ដាហ៍ទី៤ នៃខែមេសា ឆ្នាំ២០២៤នេះ ក្រុមការងារសហគមន៍ នាយកដ្ឋានគ្រប់គ្រងដីធ្លី បេតិកភណ្ឌក្រុង និងសហគមន៍ នៃអាជ្ញាធរជាតិអប្សរា បានចុះពិនិត្យទីតាំងស្នើសុំសាងសង់លំនៅដ្ឋានប្រជាពលរដ្ឋ  សំណង់សាធារណៈផ្សេងៗ និងបានអនុញ្ញាតជូនដល់ប្រជាពលរដ្ឋដែលជាអ្នកស្រុកចាស់ចំនួន៣៨ករណី។ ប្រជាពលរដ្ឋដែលជាអ្នកស្រុកចាស់ ទទួលបានការអនុញ្ញាតរួមមាន៖ – ស្រុកបន្ទាយស្រី …

Leave a Reply

Your email address will not be published. Required fields are marked *

Categories