សៀមរាប៖ សារមន្ទីរព្រះនរោត្តមសីហនុ-អង្គរ បានបើកដំណើរការជាផ្លូវការ តាំងពីឆ្នាំ២០០៨មក ដោយ មានថែរក្សា និងអភិរក្សវត្ថុបុរាណជាច្រើន ដែលបានមកពីការធ្វើកំណាយស្រាវជ្រាវនានា យកមករក្សាទុកនៅទីនេះ។សារមន្ទីរព្រះនរោត្តមសីហនុ-អង្គរ ក្រៅបានបើកឱ្យសាធារណៈបានចូលទស្សនាហើយ ក៏អនុញ្ញាតឱ្យ អ្នកសិក្សាស្រាវជ្រាវនានាចូលមកសិក្សាស្វែងយល់ផងដែរ។
ជាក់ស្តែងកាលពីថ្ងៃទី០៥ ខែមេសា ឆ្នាំ២០២៣ ប្រតិភូ និសិត្សនៃសាកលវិទ្យាល័យន័រតុនចំនួនប្រមាណ៤៨០នាក់ បានចូលមកទស្សនាការតាំងបង្ហាញសមុច្ច័យ នៅក្នុងសារមន្ទីរព្រះនរោត្តមសី ហនុ-អង្គរ ក្រោមការជួយសម្របសម្រួលពីសំ ណាក់អាជ្ញាធរជាតិអប្សរា។
នាឱកាសនោះ ប្រតិភូនិសិត្សនៃសាកលវិទ្យាល័យន័រតុនបានបង្ហាញការគាំទ្រ នៅពេលបានឃើញការដាក់តាំងបង្ហាញវត្ថុបុរាណ និងវត្ថុសិល្បៈទាំងអស់នៅក្នុងសារមន្ទីរនេះ ព្រោះថាអាចឱ្យប្រជាពលរដ្ឋ យុវជន ឬភ្ញៀវទេសចរចូលមកទស្សនានិងសិក្សាស្វែងយល់។
សូមជម្រាបផងដែរថា សារមន្ទីរព្រះនរោត្តមសីហនុ -អង្គរ មានទីតាំងស្ថិតនៅភូមិបឹងដូនប៉ា សង្កាត់ស្លក្រាម ក្រុងសៀមរាប។ សារមន្ទីរ បានបើកឱ្យភ្ញៀវទេសចរជាតិ និងអន្តរជាតិ ចូលទស្សនាចាប់ពីថ្ងៃអង្គារ ដល់ថ្ងៃអាទិត្យ វេលាម៉ោង៨:៣០នាទីព្រឹក ដល់ម៉ោង ៤:៣០ល្ងាច ទំនាក់ទំនងទូរស័ព្ទលេខ៖០៦៣ ៧៦៣ ៥៧៥។សារមន្ទីរព្រះនរោត្តមសីហនុ-អង្គរ មានតាំងបង្ហាញវត្ថុសិល្បៈបុរាណជាច្រើនរាប់រយប្រភេទផ្សេងៗគ្នា ដែលបានមកពីការធ្វើកំណាយស្រាវជ្រាវ និងការបរិច្ចាគពីសាធារណៈជនជាដើម៕