សៀមរាប៖ បេះដូងក្រដាសដែលបត់ដោយដៃប្រជា ពលរដ្ឋកម្ពុជា គ្រប់ស្រទាប់វណ្ណៈ គ្រប់វ័យ រាប់សិបម៉ឺនត្រូវបានរៀបចំជាលក្ខណៈសួនដ៏ស្រស់ស្អាតនៅ បរិ វេណ ប្រាសាទអង្គរវត្ត។
ការរៀបចំនេះ ធ្វើឡើងសម្រាប់ការបំបែកកំណត់ត្រាពិភពលោក ក្នុងព្រឹត្តិការណ៍អង្គរសង្ក្រាន្តឆ្នាំ២០២៣។
លោក ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ដែលជាអ្នកផ្តួចផ្តើមរឿងនេះ បានអះអាងថា ព្រឹត្តិការណ៍អង្គរសង្រ្កាន្តឆ្នាំ២០២៣នេះ មិនត្រឹមតែជាខួបគម្រប់១០ឆ្នាំរបស់អង្គរសង្រ្កាន្ត ហើយក៏មិនមែនសម្រាប់តែអបអរបុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរនោះទេ។ ប៉ុន្តែអង្គរសង្ក្រាន្តឆ្នាំនេះក៏ដើម្បីអបអរភាពជាម្ចាស់ផ្ទះរបស់កម្ពុជា ក្នុងការរៀបចំកីឡាស៊ីហ្គេមលើកទី៣២ និងអាស៊ានប៉ារ៉ាហ្គេមលើកទី១២ផងដែរ។
លោកបន្តថា ជាមួយគ្នានេះ ក្រុមការងារអង្គរសង្ក្រាន្ត ក៏នឹងរៀបចំបំបែកឯតទគ្គកម្មពិភពលោកលើវិញ្ញាសាចំនួន២ គឺរាំចង្វាក់ម៉ាឌីហ្សន និងការបត់ក្រដាសជារូបបេះដូង។ ការបត់ក្រដាសជារូបបេះដូង តាមផែនការគ្រោងនឹងធ្វើឲ្យបានចំនួន១លាន ប៉ុន្តែត្រង់ថាបងប្អូនចូលរួមបានប៉ុន្មាននោះ នៅថ្ងៃទី១១ ខែមេសា នឹងដឹងលទ្ធផល។
លោក ហ៊ុន ម៉ានី ឲ្យដឹងបន្ថែមថា បេះដូងក្រដាសដែលបត់ឡើងដោយដៃប្រជាពលរដ្ឋនេះ វាមិនត្រឹមតែជាការធ្វើឡើងដើម្បីបំបែកឯតទគ្គកម្មប៉ុណ្ណោះទេ ប៉ុន្តែវាជាកាដូក្តីស្រលាញ់របស់ពលរដ្ឋកម្ពុជា ជូនអត្ត ពលិក ដែលចូលរួមក្នុងការប្រកួតស៊ីហ្គែម និងអាស៊ានប៉ារ៉ាហ្គេមផងដែរ។
សេចក្តីជូនដំណឹងរបស់ ស.ស.យ.ក. បានបង្ហាញ ថា ប្រជាពលរដ្ឋ អាចចូលរួមក្នុងការរាប់ បេះដូងច្រើន ជាងគេលើពិភពលោកដោយសេរី ដើម្បីចូលរួមគាំទ្រដល់អត្តពលិកដែលមានពិការភាព សម្រាប់ការប្រកួតកីឡាស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេមឆ្នាំ ២០២៣ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះក្នុងពេលដ៏ខ្លីខាងមុខនេះ៕