Breaking News
Download Free FREE High-quality Joomla! Designs • Premium Joomla 3 Templates BIGtheme.net
Home / 2024 / September

Monthly Archives: September 2024

ប្រជាពលរដ្ឋ៧៣៨គ្រួសារ ក្នុងសង្កាត់ក្របីរៀលបានទទួលចង្រ្កានបង្កើនថាមពល កាត់បន្ថយការបំពុលបរិស្ថាន

នៅព្រឹកថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២៤ ឯកឧត្តមបណ្ឌិត ហង់ ពៅ អគ្គនាយកអាជ្ញាធរជាតិអប្សរា និងជាប្រធានក្រុមការងារចុះជួយមូលដ្ឋានសង្កាត់ក្របី​រៀល រួមជាមួយលោកសាខុន ប៉ូរិន ប្រធានបណ្តាញសង្គមស៊ីវិលកម្ពុជា (CCN) និងលោក ឈួន យ៉ែប ចៅសង្កាត់ក្របីរៀល បានអញ្ជើញចូលរួមជាគណៈ​អធិបតីក្នុងពិធីចែកចង្រ្កានបង្កើនថាមពល។ ដែលជាអំណោយរបស់ក្រុមហ៊ុន Guangzhou Iceberg Environmental Consulting Services Co Ltd (ជាងស៊ូ អៃបឺក អិនវ៉ាយរុនមិនថល ខុនសូលធីសឺវីស) ជូនប្រជាពលរដ្ឋចំនួន​៧៣៨​គ្រួសារ នៅក្នុងភូមិចំនួន៧ នៃសង្កាត់ក្របីរៀល ក្រុងសៀមរាប ខេត្តសៀមរាប។ ការចែកជូនចង្រ្កានបង្កើនថាមពលខាងលើនេះ គឺមិនត្រឹមតែបង្ហាញពីការយកចិត្តទុកដាក់របស់ថ្នាក់ដឹកនាំចំពោះប្រជាពលរដ្ឋក្នុងមូលដ្ឋានប៉ុណ្ណេាះទេ ប៉ុន្តែក៏ជាការចូលរួមចំណែកជាមួយរាជរដ្ឋាភិបាលកម្ពុជាក្នុងការលើកកម្ពស់ជីវភាពប្រជាជន ព្រមទាំងកាត់បន្ថយការបំពុលបរិស្ថានក្នុងសហគមន៍ផងដែរ៕,

Read More »

អាជ្ញាធរជាតិអប្សរា ជួសជុលចម្លាក់តោថ្មនៅប្រាសាទភ្នំក្រោម

អាជ្ញាធរជាតិអប្សរា ជួសជុលចម្លាក់តោថ្មចំនួនមួយមានកម្ពស់១.៣៧ម៉ែត្រ ទទឹង៤៦សង់ទីម៉ែត្រ បែក​បាក់បួនបំណែក និងបាត់បង់ជើងទាំង៤ ដែលចម្លាក់តោនេះមានទីតាំងនៅខាងស្តាំនៃជណ្តើរខាងលិចតួប៉មកណ្តាលប្រាសាទភ្នំក្រោម ដោយត្រូវប្រើពេលប្រមាណ៦ខែ។ អ្នកជំនាញអភិរក្សថ្ម លោក ទ្រី ប៊ុនលី បានឱ្យដឹងថា ចម្លាក់តោនេះត្រូវបានរងការខូចខាតអស់ពេលជាយូរ​មកហើយដោយកត្តាផ្សេងៗ។ បំណែកតោនៅសេស​សល់បួនបំណែក មានក្បាលដងខ្លួន និងភ្លៅមុខខាង​ស្តាំ រួមទាំងជើងទម្រផង។ ក្រុមការងារបានយកបំណែកចម្លាក់តោមកសម្អាតស្ងួត សម្អាតសើម និងសម្អាតបែបគីមី រួចហើយពង្រឹងថ្ម និងផ្គុំតភ្ជាប់ឡើងវិញនោះ។ ចំណែក ជើងទាំង៤ ដែលបាត់បង់ត្រូវបន្ថែមថ្មថ្មី ដើម្បីឱ្យចម្លាក់តោមានជំហររឹងមាំឡើងវិញ។ ចំណែកលោក អៀន ធី និងលោក យក់ ក្រូច អ្នកអភិរក្សថ្មបានឱ្យដឹងថា ការងារជួសជុលចម្លាក់តោនេះ បានសហការគ្នាជាក្រុម តាំងពីចាប់ផ្តើមរហូតពេលដាប់ឆ្លាក់ថ្មថ្មីតភ្ជាប់ដងខ្លួនតោឡើងវិញ។ ឆ្លងកាត់ការសិក្សា និងមុនឈានដល់ការដាប់ថ្មថ្មីជំនួសជើងទាំងបួនដែលបាត់បង់ឱ្យត្រូវតាមទម្រង់ដើម អ្នកជំនាញបានធ្វើពុម្ពដីឥដ្ឋឱ្យចេញជារូបរាងតាមទម្រង់ និងកម្ពស់ដើម បន្ទាប់មកដាប់ឆ្លាក់ថ្មថ្មីជាទម្រង់ជើងតភ្ជាប់ឡើងវិញ។ ចម្លាក់តោនេះ នឹងត្រូវតម្កល់នៅទីតាំងដើម ក្រោយពេលបញ្ចប់ការជួសជុល៕

Read More »

បិទវគ្គបណ្តុះបណ្តាលស្តីពីការអប់រំបេតិកភណ្ឌ ដល់សិស្សានុសិស្សនៃសាលាបឋមសិក្សាវត្តលលៃ សម្រាប់ឆ្នាំ២០២៤

កម្មវិធីអប់រំបេតិកភណ្ឌដល់កុមារ ដែលរួមសហការរវាងអាជ្ញាធរជាតិអប្សរា និងអង្គការមរតកវប្បធម៌ខ្មែរ នៅសាលាបឋមសិក្សាវត្តលលៃ បានឈានដល់ទីបញ្ចប់សម្រាប់ឆ្នាំ២០២៤។ កម្មវិធីអប់រំបេតិកភណ្ឌនេះ មានរយៈពេល៩ខែដោយចាប់ផ្តើមពី ខែមករា ដល់ខែកញ្ញា ឆ្នាំ២០២៤ ដោយ​មានសិស្សានុសិស្សចំនួន៦៩នាក់ មកពីថ្នាក់ទី៥ចំនួន​១ថ្នាក់ និងថ្នាក់ទី៦ចំនួន១ថ្នាក់ រួមទាំងលោកនាយក និងលោកគ្រូអ្នក-គ្រូទទួលបន្ទុក ថ្នាក់សរុបចំនួន៣​នាក់។ កម្មវិធីអប់រំបេតិកភណ្ឌ ផ្តល់ឱកាសឱ្យកុមារដែលកើត និងរស់នៅក្នុងតំបន់រមណីយដ្ឋានវប្បធ៌ម- ប្រវត្តិ​សាស្ត្រ បានយល់ដឹង នូវកេរមរតកវប្បធ៌មរបស់ខ្លួន ព្រមទាំងបណ្តុះគំនិតកុមារឱ្យជ្រួតជ្រាបពីតម្លៃមរតកវប្បធ៌មទាំងនេះ ឱ្យចេះ ស្រឡាញ់ ចេះថែរក្សាការពារ ជាពិសេស កុមារទាំងនេះ អាចធ្វើជាគំរូចំពោះសហគមន៍របស់ខ្លួនលើវិស័យថែរក្សា ការពារ និងគ្រប់គ្រងកេរមរតកវប្បធម៌ក្នុងសហគមន៍របស់ខ្លួននាពេលអនាគត។ អញ្ជើញចូលរួមក្នុងឱកាសបិទកម្មវិធីនេះ  មានលោក អ៊ុន មណីនីតា នាយកប្រតិបត្តិអង្គការមរតកវប្បធម៌ខ្មែរ និងតំណាងលោក អុឹម សុខរិទ្ធី ប្រធាននាយក​ដ្ឋាន​ស្រាវជ្រាវ បណ្តុះបណ្តាល និងផ្សព្វផ្សាយនៃអាជ្ញាធរជាតិអប្សរា លោកនាយកសាលា លោកគ្រូ អ្នកគ្រូ និងតំណាងអាជ្ញាធរមូលដ្ឋានជាច្រើនរូប៕

Read More »

និស្សិត និងសហគមន៍ពីវិទ្យាស្ថានជាតិកសិកម្ម ព្រែកលៀប ចុះសិក្សាស្វែងយល់ពីការងារព្រៃឈើនៅតំបន់រមណីយដ្ឋានអង្គរ

នៅព្រឹកថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២៤ និស្សិត និងសហគមន៍ នៃគម្រោង «យុវជនចូលរួមក្នុងការ​ស្រាវជ្រាវ និងអភិវឌ្ឍន៍ព្រៃឈើ ជីវៈចម្រុះ»​ នៃវិទ្យា​ស្ថានជាតិកសិកម្ម ព្រែកលៀប បានធ្វើដំណើរទស្សន​កិច្ចសិក្សាស្វែងយល់ពីការងារគ្រប់គ្រងព្រៃឈើ និងជីវៈចម្រុះ នៅក្នុងតំបន់រមណីយដ្ឋានអង្គរ។ ក្នុងដំណើរទស្សនកិច្ចនេះ ក្រុមការងារនៃអាជ្ញាធរជាតិអប្សរា តាមរយៈនាយកដ្ឋានគ្រប់គ្រងទឹក ព្រៃឈើ និងហេដ្ឋារចនាសម្ព័ន្ធ បានធ្វើបទបង្ហាញត្រួសៗពីការងារគ្រប់គ្រងព្រៃឈើ និងការអភិរក្សជីវៈចម្រុះ​មួយចំនួន នៅតំបន់រមណីយដ្ឋានអង្គរ។ល។ បន្ទាប់ពីនោះ សាស្រ្តាចារ្យ និស្សិត និងសហគមន៍ សរុបជិត២០រូប បានធ្វើដំណើរទៅមើលទីតាំងមួយ​ចំនួនដូចជា ស្ថានីយបណ្ដុះកូនឈើប្រាសាទ​តាកែវ ការដំឡើងរន្ទាសម្រាប់កាត់ក្រីមែកឈើធំៗខាងលិចប្រាសាទបាភួន។ សូមបញ្ជាក់ថា ទស្សនកិច្ចខាងលើនេះធ្វើឡើងក្នុងបំណងផ្តល់ចំណេះដឹងដល់និស្សិត និងសហគមន៍អំពីព្រៃឈើ និងជីវៈចម្រុះនានានៅក្នុងតំបន់រមណីយដ្ឋានអង្គរ ក៏ដូចជាទទួលបានបទពិសោធន៍ល្អៗលើការងារព្រៃឈើ និងបរិស្ថាន ពីអាជ្ញាធរជាតិអប្សរា៕

Read More »

អាជ្ញាធរជាតិអប្សរា គ្រោងនឹងបញ្ចប់ការជួសជុលប្រាសាទបាទជុំ នៅចុងឆ្នាំ២០២៤

ការងារជួសជុលប្រាសាទបាទជុំ ដែលបានចាប់ផ្តើមនៅដើមខែមិថុនា ឆ្នាំ២០២៤ មកដល់ពេលនេះ សម្រេចបានប្រមាណ៧០ភាគរយ គ្រោងនឹងបញ្ចប់នៅចុងឆ្នាំ២០២៤ ខាងមុខនេះ។ កញ្ញា ដយ ពេជ្រជឺរ៉ា វិស្វករនៃអាជ្ញាធរជាតិអប្សរា ឱ្យដឹងថា ការងារជួសជុលពង្រឹងប្រាសាទបាទជុំ នៅដំណាក់កាលទី៥នេះ បានសម្រេចចាប់ពីរួតទី១ ដល់រួតទី៣ ក្នុងចំណោមទាំង៤រួត និងកំពុងបន្តជួសជុលរួតទី៤។ អ្នកជំនាញរូបនេះបញ្ជាក់ថា រួតទី៣ និងទី៤ រងការខូចខាតធ្ងន់ធ្ងរ គឺរចនាសម្ពន្ធជញ្ជាំងបានរលុះធ្លុះពីមួយចំហៀងទៅមួយចំហៀង នៅតាមជ្រុងនីមួយៗមិនមានស្ថិរភាព។ ក្រុមការងារសម្អាតកំណកដី ស្លែ ឬសរុក្ខជាតិ និងឥដ្ឋពុកផុយចេញ ហើយប្រើប្រាស់ឥដ្ឋចាស់ដែលនៅមានគុណភាពឡើងវិញ រួមទាំងឥដ្ឋថ្មីនៅទីតាំងចាំបាច់។ ប្រើស្នូលដែកទាមនៅទីតាំងហែកខ្លាំង។ បិទកំបោរបាយអការពារជម្រាបទឹកជាដើម ដើម្បីពង្រឹងរចនាសម្ពន្ធប្រាសាទឥដ្ឋ ដែលមានអាយុកាលជាង១ពាន់ឆ្នាំនេះ នៅតែរឹងមាំគង់វង្សយូរអង្វែងបន្តទៀត ។ បន្ទាប់ពីបញ្ចប់ការងារជួសជុលរួតទាំង៤រួតផ្នែកខាង​លើតួប៉មកណ្តាលប្រាសាទបាទជុំ អាជ្ញាធរជាតិអប្សរា នឹងបន្តជួសជុលជណ្តើរបន្ថែមទៀត ជាការលើកតម្លៃប្រាសាទបុរាណនេះ រក្សាបាននូវសោភ័ណភាព ដើម្បីសម្រួលដល់ការឡើង-ចុះ របស់ទេសចរផង៕

Read More »

ថ្នាក់ដឹកនាំអាជ្ញាធរជាតិអប្សរានិងភ្នាក់ងារបេតិកភណ្ឌ​ កូរ៉េ ជួបពិភាក្សាការងារជួសជុល អភិរក្សក្នុងតំបន់អង្គរ

រសៀលថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៤ ឯកឧត្តមបណ្ឌិត ហង់ ពៅ អគ្គនាយកអាជ្ញាធរជាតិអប្សរា រួមទាំងអគ្គនាយករង ជួបពិភាក្សាការងារជាមួយឯកឧត្តម Na JungHee អគ្គនាយកនៃទីភ្នាក់ងារបេតិកភណ្ឌកូរ៉េ របស់ស្ថាប័នភ្នាក់ងារបេតិកភណ្ឌកូរ៉េ (Korea Heritage Agency) ក្នុងគោលបំណងធ្វើកិច្ចសហប្រតិបត្តិការនាថ្ងៃអនាគតលើកិច្ចការជួសជុល អភិរក្សនៅក្នុងក្រុងអង្គរធំនៃរមណីយដ្ឋានអង្គរ ជាពិសេសសកម្មភាពផ្សេងៗដើម្បីលើកកម្ពស់វិស័យទេសចរណ៍៕

Read More »

រចនាសម្ពន្ធខ្លោងទ្វារប្រាសាទតាព្រហ្មកិល ដែលជាមន្ទីរពេទ្យបុរាណត្រូវបានរៀបចំរួចរាល់

អាជ្ញាធរជាតិអប្សរាបានបញ្ចប់ការរៀបចំរចនាសម្ពន្ធមួយចំនួននៅប្រាសាទតាព្រហ្មកិល ដែលរងការខូច ខាតដោយអន្លើៗ មានថ្មខ្លះរាយប៉ាយ និងថ្មជាច្រើនទៀតបានបាត់ ឱ្យមានរបៀបរៀបរយឡើងវិញ។ លោក ម៉ៅ សុខនី ប្រធានការដ្ឋានជួសជុលប្រាសាទ​តាព្រហ្មកិល ឱ្យដឹងថា ក្រោយបញ្ចប់ការជួសជុលតួប្រាសាទតាព្រហ្មកិល  ក្រុមការងារកំពុងបន្តរៀបចំបរិវេណខាងមុខប្រាសាទនោះ មាន ខ្លោងទ្វារ និងបណ្ណាល័យនៅជ្រុងនិរតី។ ការរៀបចំរចនាសម្ពន្ធរបស់មន្ទីរពេទ្យបុរាណនេះឡើង​វិញ ចាំបាច់ត្រូវពង្រឹងខឿនខ្លោងទ្វារច្រកចូលខាងកើត យកថ្មចល័តខុសទីតាំងមកដាក់កន្លែងដើម រៀបផ្គុំហោជាងឡើងវិញ រៀបចំថ្មមួយចំនួនឱ្យមានសណ្តាប់ធ្នាប់ ហើយទេសចរអាចទស្សនានូវក្បាច់ចម្លាក់ផ្សេងៗ ដូចជា ហោជាង និងផ្តែរបាន ព្រមទាំងរៀបចំខឿនបណ្ណាល័យនៅជ្រុងអាគ្នេយ៍ផង៕

Read More »

អ្នកជំនាញ បន្តជួសជុលរចនាសម្ពន្ធមុខព្រហ្មរបស់ខ្លោងទ្វារខាងកើតប្រាសាទតាព្រហ្ម

អាជ្ញាធរជាតិអប្សរា តាមរយៈកិច្ចសហការជាមួយស្ថាប័នស្រាវជ្រាវបុរាណវិទ្យាឥណ្ឌា (ASI) បន្តជួសជុលកំពូលមុខព្រហ្មរបស់ខ្លោងទ្វារខាងកើតនៃប្រាសាទតាព្រហ្មជាបន្តទៀត បន្ទាប់ពីក្រុមអ្នកជំនាញការអាដហុកនៃគណៈកម្មាធិការអន្ដរជាតិសម្រប​សម្រួល កិច្ចគាំពារ និងអភិវឌ្ឍន៍តំបន់ប្រវត្តិសាស្រ្តអង្គរ និងសំបូរព្រៃគុក (ICC-Angkor/ Sambor Prei Kuk) បានអនុញ្ញាតឱ្យប្រើថ្មថ្មីមកជំនួសថ្មចាស់ដែលខូចខាត និងបាត់បង់ ដើម្បីអាចឱ្យខ្លោងទ្វារនេះមានរូបរាងពេញលេញឡើងវិញ។ ប្រធានគ្រប់គ្រងការដ្ឋានជួសជុលនៅប្រាសាទតាព្រហ្ម លោក Chitranjan Kumar ឱ្យដឹងថា ការងារជួសជុលខ្លោងទ្វារខាងកើតរបស់ប្រាសាទតាព្រហ្ម គឺសម្រេចបានតួខ្លោងទ្វារ រួមទាំងស្លាបសងខាង និងរចនាសម្ពន្ធដំបូល។ បច្ចុប្បន្នក្រុមការងារជួសជុលបន្តចាប់ពីរចនាសម្ពន្ធចង្ការនៃផ្ទៃមុខព្រហ្មឡើងទៅលើបន្ថែមទៀត តាមថ្មចាស់ដែលនៅសេសសល់ ដើម្បីឱ្យខ្លោងទ្វារនេះមានរូបរាងដូចដើមឡើងវិញ។ ក្រុមការងារមានការត្រេកអរដែលអ្នកជំនាញអាយស៊ីស៊ី-អង្គរ និងសំបូរព្រៃគុក បានអនុញ្ញាត ហើយខ្លោងទ្វារទាំងមូលនឹងបង្ហាញរូបរាងពេញលេញតាមលំនាំដើមក្នុងពេលឆាប់ៗខាងមុខនេះ។ សូមបញ្ជាក់ថា គម្រោងជួសជុលខ្លោងទ្វារខាងកើតនៃប្រាសាទតាព្រហ្មនេះ បានចាប់ផ្ដើមជួសជុលកាលពី​ដើមឆ្នាំ២០២២ ហើយគ្រោងនឹងបញ្ចប់នៅចុងឆ្នាំ​២០២៤​ខាងមុខ។ នៅមុនពេលជួសជុល ខ្លោងទ្វារខាងកើតនៃប្រាសាទ​តាព្រហ្ម មានសភាពទ្រុឌទ្រោមខ្លាំង គឺប្រាង្គកណ្ដាលផ្នែកខាងលើ និងថ្មដំបូលរលុះទាំងស្រុង គឺនៅសល់ផ្នែកខ្លះនៃស្លាបសងខាងប៉ុណ្ណោះ តែគ្មានលំនឹង ហែក ក្រៀកចេញពីគ្នាក្នុងស្ថានភាពហានិភ័យខ្ពស់៕

Read More »

ថ្នាក់ដឹកនាំអាជ្ញាធរជាតិអប្សរា ជួបសំណេះសំណាលជាមួយគណៈប្រតិភូ នាយកដ្ឋានកិច្ចការកម្មសិទ្ធិបោះពុម្ពផ្សាយ ភាសាបរទេស នៃសាធារណរដ្ឋប្រជាមានិតចិន

នៅព្រឹកថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០២៤នេះ ឯកឧត្តម ឡុង កុសល អគ្គនាយករង តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ហង់ ពៅ អគ្គនាយកអាជ្ញាធរជាតិអប្សរា បានជួបសំណេះសំណាលជាមួយ ឯកឧត្តម Du Zhanyuan ប្រធាននាយកដ្ឋានកិច្ចការកម្មសិទ្ធិបោះពុម្ពផ្សាយ ភាសាបរទេស នៃសាធារណរដ្ឋប្រជាមានិតចិន។ ជំនួបសំណេះសំណាលនេះ ក្នុងគោលបំណង ពង្រឹងទំនាក់ទំនងនៃកិច្ចសហប្រតិបត្តិការ លើការផ្សព្វផ្សាយតំបន់អង្គរ ដែលជាសម្បត្តិបេតិកភណ្ឌកាន់ពិភពលោក ព្រមទាំងការទាក់ទាញចំណាប់អារម្មណ៍របស់ប្រជាជនចិនឱ្យឈានទៅរកការពង្រីកទីផ្សារទេសចរណ៍កាន់តែទូលំទូលាយថែមទៀត៕

Read More »

មន្រ្តី-បុគ្គលិកសណ្ដាប់ធ្នាប់ និងទេសចរណ៍៨០រូបចូលរួមវគ្គសិក្ខាសាលាស្តីពី ការពង្រឹងសមត្ថភាពផ្នែកបដិសណ្ឋារកិច្ច

នាយកដ្ឋានអភិវឌ្ឍន៍ទេសចរណ៍ និងវប្បធម៌ បានរៀបចំសិក្ខាសាលាស្ដីពី ការពង្រឹងសមត្ថភាពបដិសណ្ឋារកិច្ចភ្ញៀវទេសចររបស់ ភ្នាក់ងារទេសចរ ក្រោយសម័យកូវីដ-១៩។ វគ្គសិក្សានេះអ្នកចូលរួមសរុប៨០រូប ដែលជាមន្រ្តី-បុគ្គលិក ជាភ្នាក់ងារសណ្ដាប់ធ្នាប់ និងភ្នាក់ងារទេសចរ ដែលប្រចាំការនៅតាមប្រាសាទនានា​ក្នុងរមណីយដ្ឋានអង្គរ។ លោក សេង សុធារ៉ា ប្រធាននាយកដ្ឋានអភិវឌ្ឍន៍ទេសចរណ៍ និងវប្បធម៌ បានលើកឡើងថា សិក្ខាសាលានេះមានសារសំខាន់ណាស់ ដើម្បីឱ្យមន្រ្តី-បុគ្គលិកនៅតាមគោលដៅទាំងអស់ ពង្រឹងចំណេះដឹងទាក់ទងនឹងផ្នែកបដិសណ្ឋារកិច្ចភ្ញៀវទេសចរ។ ជាធម្មតា ភ្នាក់ងារទេសចរ និងសណ្ដាប់ធ្នាប់ ជាអ្នកដែលប្រាស្រ័យផ្ទាល់ជាមួយភ្ញៀវទេសចរ ដូច្នេះការមានចំណេះដឹងគ្រប់គ្រាន់ លើផ្នែកបដិសណ្ឋារកិច្ច ការទទួលស្វាគមន៍ រាក់ទាក់ និងណែនាំភ្ញៀវ កំឡុងពេលពួកគេចូលទស្សនា នៅតាមប្រាសាទ។ ដ្បិតថា សិក្ខាសាលាមានរយៈពេលខ្លីក៏ពិតមែន ប៉ុន្តែលោក សេង សុធារ៉ា មានសុទិដ្ឋិនិយមថា សិក្ខាកាមទាំងអស់ នឹងតោងចាប់បាននូវចំណេះដឹងថ្មីៗដែលបង្រៀនដោយវាគ្មិន ក៏ដូចជាចែករំលែកចំណេះដឹងកន្លងមក និងសួរនាំនូវចំណុចនានាដែលមានចម្ងល់ ដើម្បីឱ្យទទួលបាន ចំណេះដឹងគ្រប់ជ្រុងជ្រោយ។ គួរបញ្ជាក់ថា សិក្ខាសាលានេះមានរយៈពេល២ថ្ងៃ គឺថ្ងៃទី៥-៦ ខែកញ្ញា ដែលធ្វើឡើងនៅ​នាយកដ្ឋានសណ្ដាប់ធ្នាប់៕

Read More »

Categories