Breaking News
Download Free FREE High-quality Joomla! Designs • Premium Joomla 3 Templates BIGtheme.net
Home / Uncategorized / អាជ្ញាធរជាតិអប្សរាទម្លាក់ទឹកពីបារាយណ៍ទឹកថ្លាសម្រាប់ការស្រោចស្រពស្រែប្រាំងរបស់ប្រជាពលរដ្ឋ

អាជ្ញាធរជាតិអប្សរាទម្លាក់ទឹកពីបារាយណ៍ទឹកថ្លាសម្រាប់ការស្រោចស្រពស្រែប្រាំងរបស់ប្រជាពលរដ្ឋ

សៀមរាប÷ក្រៅពីជាអាងស្ដុកទឹកដ៏ធំជាងគេនៅរមណីយដ្ឋានអង្គរ សម្រាប់ជួយកិច្ចការងារអភិរក្សប្រាសាទ បារាយណ៍ទឹកថ្លាឬបារាយណ៍ខាងលិច ក៏ជាប្រភពទឹកដ៏សំខាន់សម្រាប់ការស្រោចស្រព​ស្រែប្រាំ​ងរបស់ពលរដ្ឋ​ នៅប៉ែកខាងក្រោម ដែលសរុបមានជិត​៧ពាន់គ្រួសារ។

លោក យុត យ៉ែម មន្រ្តីបច្ចេកទេសនៃនាយកដ្ឋានទឹក ព្រៃឈើ និងហេដ្ឋារចនាសម្ព័ន្ធ នៃអាជ្ញាធរជាតិអប្សរាបានឱ្យដឹងថា អាជ្ញាធរបានចាប់ផ្តើមបើកទឹកទម្លាក់ជូនប្រជាពលរដ្ឋដើម្បី ស្រោចស្រពស្រែប្រាំងចាប់ពីខែធ្នូ ឆ្នាំ២០២៣ និងបន្តរហូតដល់បច្ចុប្បន្ន។ លោកបន្តថា ការងារនេះ គឺអាជ្ញាធរជាតិអប្សរាក្នុងនាមអ្នកគ្រប់គ្រងទឹកបារាយណ៍ទឹកថ្លា តែងតែយកចិត្តទុកដាក់ និងមិនដែលឱ្យមានការរាំងស្ទះទឹកជូនពលរដ្ឋឡើយ ក្នុងបំណងជួយឱ្យការបង្កបង្កើនផលស្រូវប្រាំង របស់ប្រជាពលរដ្ឋបានទិន្នផលល្អ។

ជាមួយនឹងការងារសម្រួលទឹកជូនពលរដ្ឋនេះដែរ លោក យុត យ៉ែម បន្ថែមថា ក្រុមការងារលោកតែងចុះជាប្រចាំ ដោយពេលខ្លះបានជួសជុលប្រឡាយបញ្ជូនទឹកដែលបែកបាក់ និងពិនិត្យទ្វារទឹកឱ្យដំណើរការល្អពេលបិទបើកជាដើម។

តំណាងក្រុមសហគមន៍កសិករប្រើប្រាស់ទឹកបារាយណ៍ទឹកថ្លា លោក ហួត ហាយ បានឱ្យដឹងថា ការប្រើប្រាស់ទឹកនៅឆ្នាំនេះរបស់កសិករគឺមានភាពល្អប្រសើរ។ ក្នុងនាមកសិករមួយរូប  លោកក៏សូមថ្លែងអំណរគុណដល់​អាជ្ញាធរជាតិអប្សរា ដែលតែងតែយកចិត្តទុកដាក់ការងារគ្រប់គ្រងទឹក និងទម្លាក់ទឹកជូនពលរដ្ឋប្រើប្រាស់គ្រប់គ្រាន់ និងទាន់ពេលវេលា។ លោកបន្ថែមថា ស្រែប្រាំងរបស់ប្រជាពលរដ្ឋ​​គឺពឹងមួយផ្នែកធំលើទឹកបារាយណ៍ ក្រៅពីទាញទឹកពីទំនប់៧៨ និងទឹកពីបឹងទន្លេសាប។

សូមបញ្ជាក់ថា សហគមន៍ដែលកំពុងប្រើប្រាស់ទឹកបារាយណ៍សរុបមានចំនួន ៩ឃុំ-សង្កាត់ មាន៦៥ភូមិ និង៦៨១៨គ្រួសារ ស្មើនឹងផ្ទៃដីសរុប ៧៨៥០ហិកតា៕


About siemreaptoday

Check Also

ក្រុមការងារស្រាវជ្រាវប្រទះឃើញព្រះ​កេសទេវតាក្នុងកំណាយស្រាវជ្រាវនៅខ្លោងទ្វារជ័យ

កន្លងទៅថ្មីៗនេះ ក្រុមការងារកំណាយស្រាវជ្រាវរបស់អាជ្ញាធរជាតិអប្សរា បានប្រទះឃើញព្រះកេសទេវតាចំនួនមួយ ដែលបានកប់ក្នុងរណ្ដៅកំណាយនៅខ្លោងទ្វារជ័យ នៃក្រុងអង្គរធំ។ កាលពីថ្ងៃទី៨ ខែឧសភា ឆ្នាំ២០២៤ ក្រុមការងារស្រាវជ្រាវនៃនាយកដ្ឋានអភិរក្សប្រាសាទ និងបុរាណវិទ្យា នៃអាជ្ញាធរជាតិអប្សរា បានប្រទះឃើញព្រះកេសទេវតាមួយកប់ក្នុងរណ្ដៅកំណាយស្រាវជ្រាវ នៅបាតគ្រឹះខាងផ្នែកទេវតាទាញព្រ័ត្រ នៃខ្លោងទ្វារជ័យ។ លោក …

Leave a Reply

Your email address will not be published. Required fields are marked *

Categories