Breaking News
Download Free FREE High-quality Joomla! Designs • Premium Joomla 3 Templates BIGtheme.net
Home / Uncategorized / ពលរដ្ឋសាទរ ក្រោយអាជ្ញាធរជាតិអប្សរា  អភិរក្សនៅទីតាំងទួលប្រាសាទ​គោកបល្ល័ង្គឡើងវិញ

ពលរដ្ឋសាទរ ក្រោយអាជ្ញាធរជាតិអប្សរា  អភិរក្សនៅទីតាំងទួលប្រាសាទ​គោកបល្ល័ង្គឡើងវិញ

សៀមរាប÷កាលពីអំឡុងដើមខែមករា ឆ្នាំ២០២៤ថ្មីៗនេះ អាជ្ញាធរជាតិអប្សរា ដោយមានកិច្ចសហការជាមួយអាជ្ញាធរមូលដ្ឋាន បានចុះសម្អាតព្រៃជុំវិញទីតាំងបុរាណដ្ឋាន ប្រាសាទគោកបល្ល័ង្គ បន្ទាប់មកកាយយកអាចម៍ដីដែលចាក់លុប ចេញពីទីតាំងកសិន្ធុ ស្ថិតនៅភូមិបឹង សង្កាត់ជ្រាវ ក្រុងសៀមរាប ដើម្បីកិច្ចការងារអភិរក្ស ការងារនេះធ្វើឱ្យបងប្អូនប្រជា​ពលរដ្ឋរស់នៅជុំវិញនោះបង្ហាញការគាំទ្រ និងសប្បាយរីករាយជាខ្លាំង។

លោកឈុន ឈឿន ប្រជាការពារក្នុងភូមិបឹង បានឱ្យដឹងថា លោកសូមគាំទ្រ និងចូលរួមជួយគ្រប់សកម្ម​ភាពដែលអាជ្ញាធរជាតិអប្សរា បានចុះមកធ្វើការសម្អាតព្រៃ និងស្តារកសិន្ធុទឹក នៅទីតាំងបុរាណដ្ឋាននៃប្រាសាទគោកបល្ល័ង្គនេះ។

លោកថា កាលដើមឡើយធ្លាប់បានឭការដំណាលរបស់ឪពុកម្តាយ អំពីទីទួលប្រាសាទនេះនៅមានរូបរាងខ្លះៗ ប៉ុន្តែជាបន្តបន្ទាប់មក បានរងការខូចខាតទ្រុឌទ្រោមស្ទើរតែបាត់បង់រូបរាងអស់ជាច្រើនឆ្នាំមកហើយ ដោយកត្តាផ្សេងៗជាច្រើន។

ក្នុងនាមប្រជា​ពលរដ្ឋមួយរូប លោកឈុន ឈឿន ពិតជាសប្បាយ​រីករាយណាស់នៅពេលបានឃើញអាជ្ញាធរជាតិអប្សរា គិតគូរខ្ពស់ទៅលើទីទួលបុរាណដ្ឋាន ដោយបានមកសម្អាត កាប់ឆ្ការព្រៃ ដែលដុះស៊ុបត្រុប និងបានកាយយកអាចម៍ដីដែលប្រជាពលរដ្ឋចាក់លុបទៅលើកសិន្ធុ ព្រមទំាងការស្តារកសិន្ធុទឹកឡើងវិញ ដើម្បីកិច្ចការងារអភិក្សទីទួលបុរាណរបស់ពលរដ្ឋគោរពបូជាចៀសវាងបាត់បង់កេរដំណែលដូនតាខ្មែរដែលបានបន្សល់ទុក។

ក្រោយពេលស្តារកសិន្ធុទឹក និងសម្អាតបានស្អាតហើយនោះ លោកឈុន ឈឿន បានសំណូមពរដល់បងប្អូនប្រជាពលរដ្ឋរស់នៅជុំវិញនោះ សូមចូលរួមថែរក្សា ដោយមិនត្រូវយកសំរាមមកចាក់ចោល នៅទីទួលបុរាណនេះតទៅទៀតឡើយ។

ចំណែកលោក ចេង ណេរ៉ូស ប្រជាពលរដ្ឋខ្មែររស់នៅលើទឹកដីសហរដ្ឋអាមេរិកជាយូរឆ្នាំ និងមានលំនៅឋានបច្ចុប្បន្នក្បែរទីទួលបុរាណដ្ឋាននៃប្រាសាទគោកបល្ល័ង្គ បានឱ្យដឹងថា លោកពិតជាសប្បាយរីករាយណាស់ នៅពេលបានឃើញអាជ្ញាធរជាតិអប្សរា ធ្វើការអភិរក្សនៅលើទីតាំងបុរាណដ្ឋាននៃប្រាសាទគោកបល្ល័ង្គ ដើម្បីទុកជាកេរដំណែលឱ្យកូនខ្មែរជំនាន់ក្រោយបានស្គាល់ទីតាំងបុរាណដ្ឋានមួយនេះ។ លោកបន្តថា ក្នុងនាមលោកជាប្រជាពលរដ្ឋមួយរូបសូមធ្វើការគាំទ្រចំពោះការងារនេះ។

សូមជម្រាបថា   ចាប់តាំងពីថ្ងៃទី០២ ខែមករា ឆ្នាំ២០២៤មក ក្រុមការងារ នាយកដ្ឋានអភិរក្សប្រាសាទ និងបុរាណវិទ្យានៃអាជ្ញាធរជាតិអប្សរា បានចុះមកកាន់ទួលប្រាសាទគោកបល្ល័ង្គ បន្ទាប់ពីមានកិច្ចសហការពីអាជ្ញាធរមូលដ្ឋាន និងប្រជាពលរដ្ឋនៅក្បែរៗនោះ បានរាយការណ៍អំពីការរំលោភបំពាន ដោយចាក់ដីលុបទៅលើកសិន្ធុទឹកជាប់នឹងទួលនៃប្រាសាទ។

ក្រុមការងារដែលមានសមាជិកជាង២០នាក់ បានត្រួសឆ្ការព្រៃដុះស៊ុបត្រុបសម្អាតនៅជុំវិញទីតាំងទួលបុរាណ កាយយកអាចម៍ដីដែលចាក់លុប ចេញពីទីតាំងកសិន្ធុ ព្រមទាំងបានស្តារកសិន្ធុទឹកឡើងវិញ ដើម្បីកិច្ចការងារអភិរក្ស ចៀសវាងបាត់បង់កេរដំណែលដូនតាខ្មែរដែលបានបន្សល់ទុក សម្រាប់កូនចៅជំនាន់ក្រោយ៕

About siemreaptoday

Check Also

ក្រុមការងារស្រាវជ្រាវប្រទះឃើញព្រះ​កេសទេវតាក្នុងកំណាយស្រាវជ្រាវនៅខ្លោងទ្វារជ័យ

កន្លងទៅថ្មីៗនេះ ក្រុមការងារកំណាយស្រាវជ្រាវរបស់អាជ្ញាធរជាតិអប្សរា បានប្រទះឃើញព្រះកេសទេវតាចំនួនមួយ ដែលបានកប់ក្នុងរណ្ដៅកំណាយនៅខ្លោងទ្វារជ័យ នៃក្រុងអង្គរធំ។ កាលពីថ្ងៃទី៨ ខែឧសភា ឆ្នាំ២០២៤ ក្រុមការងារស្រាវជ្រាវនៃនាយកដ្ឋានអភិរក្សប្រាសាទ និងបុរាណវិទ្យា នៃអាជ្ញាធរជាតិអប្សរា បានប្រទះឃើញព្រះកេសទេវតាមួយកប់ក្នុងរណ្ដៅកំណាយស្រាវជ្រាវ នៅបាតគ្រឹះខាងផ្នែកទេវតាទាញព្រ័ត្រ នៃខ្លោងទ្វារជ័យ។ លោក …

Leave a Reply

Your email address will not be published. Required fields are marked *

Categories