Breaking News
Download Free FREE High-quality Joomla! Designs • Premium Joomla 3 Templates BIGtheme.net
Home / Uncategorized / អាជ្ញាធរជាតិអប្សរា និងស្ថាប័នអន្ដរជាតិកំពុងកំណាយស្រាយជ្រាវខឿនព្រះវិហារខាងកើត ប្រាសាទបាយ័ន

អាជ្ញាធរជាតិអប្សរា និងស្ថាប័នអន្ដរជាតិកំពុងកំណាយស្រាយជ្រាវខឿនព្រះវិហារខាងកើត ប្រាសាទបាយ័ន

សៀមរាប៖ គម្រោងស្រាវជ្រាវព្រះវិហារសម័យអង្គររបស់សាកលវិទ្យាល័យតូរិនតូប្រទេសកាណាដា ក្រោមកិច្ចសហការជាមួយអាជ្ញាធរជាតិអប្សរា កំពុងធ្វើកំណាយស្រាវជ្រាវ នៅខឿន ព្រះវិហារបុរាណមួយ ស្ថិត នៅខាងកើតប្រាសាទបាយ័ន ចម្ងាយប្រមាណ ២០០ ម៉ែត្រ។

ការស្រាវជ្រាវបង្កើតទ្បើងក្នុងគោលបំណងស្វែងយល់អំពីតួនាទីរបស់រចនាសម្ពន្ធ និងតួនាទីរបស់សំណងបុរាណនានាដែលក្នុងនោះរួមមាន ខឿនព្រះវិហារ ខឿនកាកបាទ ស្ថិតខាងលិចជាប់នឹងព្រះ វិហារ និងសំណង់ខឿនព្រះធាតុ។ ជាពិសេសគឺ ស្វែង យល់ អំពីសម័យកាលវិវត្តន៍នៃការគោរពបូជាព្រះពុទ្ធសាសនានាចុងសម័យអង្គរ។

លោក Andrew Harris ជាប្រធានគម្រោងស្រាវជ្រាវព្រះវិហារសម័យអង្គរ (Angkor Vihara Project) បានឱ្យដឹងថា នេះជាគម្រោងកំណាយស្រាវជ្រាវលើកទី៣ លើខឿនព្រះវិហារ នៅក្នុងក្រុងអង្គរធំ។ លោកពន្យល់ថា កំណាយស្រាវជ្រាវនេះធ្វើឡើងក្នុងបំណង ស្វែងយល់ពីតួនាទីខឿនកាកបាទ និងខឿនព្រះពុទ្ធសាសនាដែលស្ថិតនៅជ្រុងខាងកើត ដើម្បីដឹងពីអាយុកាល និងតួនាទីនៃសំណង់ទាំងនោះ។ លោកបញ្ជាក់បន្ថែមថា ការងារលើកនេះ គឺរួមបញ្ចូលទាំងការសិក្សាអំពីតួនាទី មុខងារ អាយុកាលរបស់ខឿនព្រះធាតុ ដែលស្ថិតនៅដាច់ អំពីសំណង់ព្រះវិហារបុរាណ និងជាពិសេសគឺស្វែងយល់អំពីទំនាក់ទំនង ប្រើប្រាស់ របស់សំណង់ ព្រះវិហារទៅជាមួយនឹងសហគមន៍មនុស្សរស់នៅជុំវិញ។ល។

កំណាយស្រាវជ្រាវក្នុងរយៈពេលជិតមួយខែកន្លងមក ដល់ថ្ងៃទី៧ ខែ កុម្ភៈ ឆ្នាំ២០២៣ លោក Andrew Harris បានពន្យល់នូវរបកគំហើញនានា ដូចជាមានការរកឃើញ គំនរបំណែកក្បឿន នៅលើខឿនកាកបាទ ដែលជាសក្ខីភាពបញ្ជាក់អំពីសំណង់ឈើប្រក់ក្បឿង មានវត្តមាន នៅលើខឿននេះ។ ជាទូទៅក្រៅអំពីបំណែកកុលាលភាជន៍ខ្មែរ និងភាជន៍ចិន ដែលជាភស្តុតាង ការ ប្រើប្រាស់ នាសម័យអង្គរ ក្រុម ការងារក៏ជួបប្រទះ នូវភស្តុតាងនៃការប្រើប្រាស់កុលាលភាជន៍ សម័យក្រោយអង្គរ (នាសតវត្សទី១៦ ទៅ១៧) នៅក្នុងស្រទាប់ជិតព្រះវិហារ។ ជាពិសេស ចាស់បុរាណនាសម័យក្រោយអង្គរលោកបានបញ្ចុះធាតុអ្នកស្លាប់ក្នុងកូនក្រឡកប់ក្នុងដីបរិវេណខឿនកាកបាទ ទៅតាមទំនៀមទម្លាប់ជំនឿព្រះពុទ្ធសាសនា។ ជាងនេះទៅទៀត គេក៏ប្រទះឃើញស្លាកស្នាមទឹកហូរ ចេញចូលពីស្រះទឹកដ៏ធំមួយក្បែរនោះ ទៅមុខព្រះវិហារ ផងដែរ។

កិច្ចការសហការសិក្សាស្រាវជ្រាវសំណង់ខឿនព្រះ វិហារសម័យអង្គរនេះបង្ហាញនូវភស្តុតាងមួយចំនួនទាក់ទងនឹងការវិវត្តសង្គមសាសននាចុងសម័យអង្គរ និងសង្គមមនុស្ស បន្តរស់នៅ ក្រោយ ការរផ្លាស់ប្ដូររាជធានីទៅភាគខាងត្បូង។ លោក Andrew Harris ពន្យល់បន្ថែមថា កន្លងមក អ្នកស្រាវជ្រាវយល់ថារាជធានីអង្គរត្រូវបានគេបោះបង់ចោល និងពុំមានមនុស្សរស់នៅ។ តែតាមរយៈការសិក្សាថ្មីៗរបស់អ្នកស្រាវជ្រាវជាតិ និងអន្តរជាតិ រួមទាំងការស្រាវជ្រាវ ទាំងបី លើកក្នុងគម្រោងព្រះវិហារអង្គរ ក៏បានបន្ថែមនូវភស្តុតាងសំខាន់ៗមួយចំនួន ដែលអាចបញ្ជាក់អំពីការផ្លាស់ប្តូរជំនឿសាសនា និងការស្ថាបនាសំណង់សាសនា តាមបែប ទស្សនៈព្រះពុទ្ធសាសនា ដែលអាចរាប់ចាប់ពីចុងសតវត្សទី១៣ ដល់ទីបញ្ចប់ សតវត្សទី១៤ និងជាពិសេសនៅសតវត្សទី១៦ តរៀងមក។

តាមរយៈសិល្បៈសំណង់ព្រះវិហារនីមួយៗក្នុងក្រុងអង្គរធំ បញ្ជាក់នូវ អាយុកាល នៃការស្ថាបនា នាចុងសម័យអង្គរ និងមានសំណង់មួយចំនួនតូចទាក់ទងនឹងសម័យក្រោយអង្គរ។ ជាការពិត ណាស់ ព្រះវិហារមួយចំនួនត្រូវបានកែលម្អ ឬស្ថាបនាក្រោយវត្តមានព្រះបាទអង្គចន្ទ ព្រះរាជវង្ស និងព្រះពុទ្ធសាសនឹងត្រលប់មកកាន់រាធានីចាស់។

របកគំហើញថ្មីៗរបស់ក្រុមស្រាវជ្រាវជាតិ និងអន្តរជាតិ ផ្តល់លទ្ធភាពក្នុងការចងក្រងប្រវត្តិសាស្រ្ត មួយបែបថ្មី ដែលកន្លងមកតែងយល់ថាព្រះវិហារក្នុងរាធានីអង្គរត្រូវបានស្ថាបនា ទ្បើងនាសម័យ ក្រោយអង្គរស្របជា មួយការត្រទ្បប់មកវិញរបស់ព្រះបាទអង្គចន្ទ យាងមកជួសជុល ទីសការៈបូជា ក្នុងប្រាសាទអង្គរវត្ត។ ជាសក្ខី ភាពដូចជាជួសជុលកែប្រែប្រាសាទអង្គរវត្ត ស្ថាបនាព្រះពុទ្ធរូបធំៗ លើភ្នំបាខែង និងប្រាសាទបាភួន និងព្រះវិហារជុំវិញប្រាសាទបាយ័ន។

តាមការស្រាវជ្រាវកន្លងមក គេបានសន្និដ្ឋានថា សំណង់ខឿនព្រះវិហារព្រះពុទ្ធសាសនា ក្នុងកំពែងក្រុងអង្គរធំ មានចំនួនចន្លោះពី៦២ទៅ៧២។ ប៉ុន្តែរហូត មកដល់បច្ចុប្បន្ននេះ ការស្រាវជ្រាវនៅទួលព្រះវិហារទាំងនោះមានចំនួនតិចតួចនៅទ្បើយ និងជាប្រធានបទថ្មី មួយ សម្រាប់ក្រុមស្រាវជ្រាវជាតិ និងអន្តរជាតិសហការគ្នា ដើម្បីស្វែងយល់ឱ្យកាន់តែច្បាស់អំពីសង្គម រស់នៅរបស់បុព្វបុរសខ្មែរលើរាជធានីអង្គរនាចុងសម័យអង្គរ និងក្រោយអង្គរ៕

About siemreaptoday

Check Also

ក្នុងសប្ដាហ៍ទី៣ នៃខែមេសានេះ អាជ្ញាធរជាតិអប្សរា សម្រេចអោយពលរដ្ឋអ្នកស្រុកអង្គរជួស​ជុល សាង​សង់តូចតាច សរុបចំនួន១៤ករណី

សប្ដាហ៍ទី៣ នៃខែមេសា ឆ្នាំ២០២៤នេះ ក្រុមការងារបច្ចេកទេស នាយកដ្ឋានគ្រប់គ្រងដីធ្លី បេតិកភណ្ឌក្រុង និងសហគមន៍ នៃអាជ្ញាធរជាតិអប្សរា បានចុះពិនិត្យទីតាំងស្នើសុំសាងសង់លំនៅដ្ឋានប្រជាពលរដ្ឋ  និងសំណង់សាធារណៈផ្សេងៗ និងអនុញ្ញាតជូនដល់ប្រជាពលរដ្ឋដែលជាអ្នកស្រុកចាស់ចំនួន១៤ករណី។ ប្រជាពលរដ្ឋដែលជាអ្នកស្រុកចាស់ ទទួលបានការអនុញ្ញាតរួមមាន៖ – ស្រុកពួកអនុញ្ញាតបាន …

Leave a Reply

Your email address will not be published. Required fields are marked *

Categories