Breaking News
Download Free FREE High-quality Joomla! Designs • Premium Joomla 3 Templates BIGtheme.net
Home / Uncategorized / ដាក់តាំងបង្ហាញបដិមាទ្វារបាល នៅសារមន្ទីរព្រះនរោត្តសីហនុ-អង្គរ បន្ទាប់ពីជួសជុលរួចរាល់

ដាក់តាំងបង្ហាញបដិមាទ្វារបាល នៅសារមន្ទីរព្រះនរោត្តសីហនុ-អង្គរ បន្ទាប់ពីជួសជុលរួចរាល់

សៀមរាប៖បដិមាទ្វារបាល ដែលកសាងឡើងពីថ្មភក់ដ៏ធំ កម្ពស់១,៨២ម៉ែត្រ ទទឹង០,៧៨ម៉ែត្រ និងកម្រាស់ ០,៥ម៉ែត្រ រចនាប័ទ្មបាយ័ន ចំនួន១ ត្រូវបានជួសជុលឱ្យល្អប្រសើរឡើងវិញ និងបានដាក់តាំងបង្ហាញនៅ ក្នុងសារមន្ទីរព្រះនរោត្តមសីហនុ-អង្គរ បន្ទាប់ពីធ្វើកំណាយរកឃើញកប់ក្រោមដីនៅបរិវេណប្រាសាទ ទន្លេស្ងួត ដែលមានសភាពខូចខាតជាច្រើនកន្លែង។

ប្រធានក្រុមការងាររៀបចំពិព័រណ៍ និងជាមគ្គទេសក៍នៅសារមន្ទីរព្រះនរោត្តមសីហនុ-អង្គរ លោក គុន ផល្លី ឱ្យដឹងថា បដិមាទ្វារបាលដ៏ធំមួយនេះ បាក់បែកជា៦ បំណែកផ្សេងៗគ្នា ដូចជាព្រះកេស ដងខ្លួន ដៃ-ជើង និងក្រវិល។ រីឯផ្ទៃមុខក៏បានសឹករិករិលស្ទើរតែបាត់បង់ទម្រង់បបូរមាត់ ច្រមុះ និងភ្នែកផង។


  ក្រោយពីក្រុមកាងារបានសិក្សាអំពីប្រវត្តិបដិមា ក្បាច់ លម្អ និងទំហំខូច ខាតទាំងផ្ទៃខាងក្នុង និងផ្ទៃខាង ក្រៅ ដោយប្រើបច្ចេកទេសជួសជុលទៅតាមដំណាក់ កាលនីមួយៗ ហើយបានតភ្ចាប់តាមទម្រង់ដើមវិញ។

   បន្ថែមលើនេះ ដើម្បីតម្កល់បដិមាទ្វារបាលឱ្យមានលំនឹងនិងមានសុវត្ថិភាព ក្រុមការងារ ក៏បានធ្វើជើងទម្រថ្មីពីថ្មភក់ព្រមទាំងរៀបចំផ្ទាំងព័ត៌មានអំពីប្រវត្តិបដិមា ដាក់តាំងបង្ហាញនៅក្នុងសារមន្ទីរព្រះនរោត្តមសីហនុ-អង្គរ ដើម្បីឱ្យភ្ញៀវដែលចូលមកទស្សនា បានសិក្សានិងស្វែងយល់ពីការវិវត្តនៃប្រវត្តិសិល្បៈខ្មែរ។

បដិមាទ្វារបាលដ៏ធំមួយនេះ ត្រូវបានគេប្រទះឃើញនៅពេលធ្វើកំណាយស្រាវជ្រាវកាលពីឆ្នាំ២០១៧ នៅភាគខាងជើងនៃអតីតក្រុងអង្គរធំ ត្រង់ប្រាសាទ ទន្លេស្ងួត ដែលជាមន្ទីរពេទ្យបុរាណនៅសម័យអង្គរ ដែលទីតាំងបច្ចុប្បន្នស្ថិតនៅភូមិនគរក្រៅ សង្កាត់គោកចក ក្រុងសៀមរាប។ ក្រុមអ្នកស្រាវជ្រាវបានសន្និដ្ឋានថាបដិមាទ្វាបាលនេះ អាចត្រូវបានកសាងឡើងនៅចុងសតវត្សរ៍ទី១២និងដើមសតវត្សរ៍ទី១៣ នៃគ្រីស្ដសករាជ។

លោក គុន ផល្លី បានពន្យល់ថា បដិមាទ្វារបាលក្នុងសិល្បៈខ្មែរដំបូងៗត្រូវបានគេប្រទះឃើញនៅតាមជញ្ជាំងប្រាសាទឥដ្ឋ របស់ក្រុមប្រាសាទសំបូរព្រៃគុកនៅអំឡុងសតវត្សរ៍ទី៧-៨នៃគ្រីស្ដសករាជ។
   ក្រោយមកបដិមាទ្វារបាលត្រូវបាននិយមកាន់តែច្រើនឡើងនិងវិវត្តទៅជាបដិមាទ្វារបាលទោល ក្នុងរចនាប័ទ្មប្រែរូបអំឡុងសតវត្សរ៍ទី១០នៃគ្រីស្ដសករាជ និងបន្តដល់រាជព្រះបាទជ័យវរ័្ននទី៧ ឆ្នាំ១១៨១ ដល់ឆ្នាំ១២២០នៃគ្រីស្តសករាជ។ ជាទូទៅបដិមាទ្វារបាលទោលនៅក្នុងរាជព្រះបាទជ័យវរ្ន័នទី៧ មានមាឌធំ កម្ពស់ខ្ពស់ នៅលើដងខ្លួនមានលម្អទៅដោយគ្រឿង អលង្ការ ដូចជា មកុដ ក្រវិល សុរងក កងដៃ កងជើង ។ នៅក្នុងដៃទ្វារបាលជាទេវៈមានកាន់កេតនភណ្ឌជាដំបងត្រីសូល៍។ ចំពោះទ្វារបាលនេះក៏មានជាអសុរដែរ។ រីឯទ្វារបាលជាអសុរវិញ គឺមានកាន់ដំបងទ្រវែងជាដើម៕

About siemreaptoday

Check Also

ក្រុមការងារសហគមន៍ បន្តចុះពិនិត្យសំណើពលរដ្ឋនៅក្នុងរមណីយដ្ឋានអង្គរ ៣៩ករណី និងសម្រេច​អនុញ្ញាតអោយ២៧ ករណី

ប្រជាពលរដ្ឋដែលកំពុងរស់នៅក្នុងរមណីដ្ឋានអង្គរត្រូវបានទទួលនូវការយកចិត្តទុកដាក់អំពីសំណាក់អាជ្ញាធរជាតិអប្សរា ដោយមានការអនុគ្រោះក្នុងការជួសជុលតូចតាចនូវលំនៅដ្ឋានក៏ដូចជាសំណង់ឧប្បសម្ព័ន្ធមាន របង ដំបូល ជញ្ជាំង សសរពុកផុយ បង្គន់អនាម័យ រោងគោ ទ្រុងមាន់ និងទ្រុងជ្រូកជាដើម ហើយរាល់ការអនុញ្ញាតជួសជុលមានសុពលភាពត្រឹមពីរខែ នៅលើទីតាំងកំពុងរស់នៅផ្ទាល់តែម្ដងតាមរយៈការចុះពិនិត្យ និងសម្រេចជាប្រចាំដោយក្រុមការងារសហគមន៍នាយកដ្ឋានគ្រប់គ្រង់ដីធ្លី បេតិកភណ្ឌក្រុង និងសហគមន៍ …

Leave a Reply

Your email address will not be published. Required fields are marked *

Categories