សៀមរាប៖ ថ្នាក់ដឹកនាំអាជ្ញាធរជាតិអប្សរា រួមទាំងមន្ត្រីមួយចំនួនទៀត បានអញ្ជើញចូលរួមក្នុងទិវាជាតិនៃការចងចាំរបបប្រល័យពូជសាសន៍ប៉ុលពត ថ្ងៃទី២០ ឧសភា ឆ្នាំ២០២៣។
ពិធីនេះ រៀបចំឡើងដោយរដ្ឋបាលខេត្តសៀមរាប នៅក្នុងវត្តទេពពោធិ៍វង្ស នាភូមិត្រពាំងសេះ សង្កាត់គោកចក ក្រុងសៀមរាប ខេត្តសៀមរាប កាលពីព្រឹកថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២៣។

ទិវាជាតិចងចាំនេះ បាននិមន្តព្រះមេគុណ និងព្រះថេរានុថេរៈ សរុបចំនួន៧៤អង្គ ដើម្បីធ្វើពិធីរាប់បាត្របង្សុកូលឧទ្ទិសរម្លឹកដល់វិញ្ញាណក្ខន្ធជនស្លូតត្រង់ខ្មែររាប់លាននាក់ ដែលបានស្លាប់ផង និងរម្លឹកដល់សោក នាដកម្មដែលរបបអាវខ្មៅប្រព្រឹត្តមកលើជាតិសាសន៍ខ្លួនឯងយ៉ាងព្រៃផ្សៃផង។
នៅក្នុងការប្រារព្ធពិធីទិវាជាតិចងចាំឆ្នាំនេះ ក៏មានការអញ្ជើញចូលរួបជាអធិបតីដ៏ខ្ពង់ខ្ពស់ពីឯកឧត្តម អ្នក ឧកញ៉ា សៀង ណាំ តំណាងរាស្ត្រមណ្ឌលសៀមរាប ឯកឧត្តម អ៊ាន ឃុន ប្រធានក្រុមប្រឹក្សាខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ទៀ សីហា អភិបាលនៃគណៈអភិ បាលខេត្ត ព្រមទាំងសមាជិក សមាជិកាក្រុមប្រឹក្សាខេត្ត អភិបាលរងខេត្ត ថ្នាក់ដឹកនាំមន្ត្រីរាជការ មន្ទីរអង្គភាពជុំវិញខេត្ត កងកម្លាំងប្រដាប់អាវុធ នគរបាល កងរាជអាវុធហត្ថតំបន់ប្រតិបត្តិការសឹករង កងពលធំអន្តរាគមន៍លេខ២ យោធភូមិភាគទី៤ ចៅសង្កាត់ទាំង១២ ប្រជាពលរដ្ឋ គរុសិស្ស សិស្សានុសិស្ស សហភាពសហព័ន្ធយុវជនកម្ពុជា ព្រះសង្ឃ តាជីយាយជី សរុបចំនួន១០៤២ អង្គ-នាក់។
ជារៀងរាល់ឆ្នាំ ថ្នាក់ដឹកនាំ និងមន្ត្រីនៃអាជ្ញាធរជាតិអប្សរា តែងចូលរួមប្រារព្ធទិវាជាតិចងចាំ មិនដែលអាក់ខានឡើយជាមួយអាជ្ញាធរខេត្តសៀមរាប និងស្ថាប័នពាក់ព័ន្ធ ចងចាំនូវមហាឧក្រិដ្ឋកម្មដ៏ឃោរឃៅនៃរបបកម្ពុជាប្រជាធិបតេយ្យ (ខ្មែរក្រហម) ដែលដឹកនាំដោយក្រុមប៉ុលពត ព្រមទាំងឧទ្ទិសកុសលជូនចំពោះវិញ្ញាណក្ខន្ធប្រជាជនកម្ពុជាជាង៣លាននាក់ បានបាត់បង់ជីវិតយ៉ាងអាណោចអធ័ម និងអយុត្តិធម៌ជាទីបំផុត ដោយសារនយោបាយប្រល័យពូជសាសន៍របស់ក្រុមអាវខ្មៅ៕

