សៀមរាប៖ កាលពីថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២៣ ក្រុមការងារសារមន្ទីរវាយនភណ្ឌប្រពៃណីអាស៊ី បានធ្វើដំណើរទៅកាន់ស្រុកព្រៃកប្បាស នៃទឹកដីខេត្ត តា កែវ ដើម្បីទទួលសមុច្ច័យ មានដូចជា៖ សារ៉ុងសូត្រ សំពត់ហូល អាវផាមួង និងក្រណាត់ហូល ចំនួន២០ សមុច្ច័យ ដែលបងប្អូនប្រជាពលរដ្ឋចំនួន១១គ្រួសារ រស់នៅក្នុងស្រុកព្រៃកប្បាស ខេត្តតាកែវ បានប្រគល់ជូន យកមករក្សាទុកក្នុងសារមន្ទីរវាយនភណ្ឌប្រពៃ ណីអាស៊ី ដើម្បីតាំងបង្ហាញជូនសាធារណៈបានទស្សនា និងសិក្សាស្វែងយល់។
សំពត់ហូល អាវផាមួង សារ៉ុងសូត្រ និងក្រណាត់ហូល បងប្អូនប្រជាពលរដ្ឋបានប្រគល់ជូន មានព័ណ៌ចម្រុះ ត្បាញដោយដៃ មានអាយុកាលខ្លះ ចន្លោះពី៥០ឆ្នាំ ៤០ឆ្នាំ ឬ៣០ឆ្នាំ ឬក្រោមនោះបន្តិច តាមការរក្សាទុកបងប្អូនប្រជាពលរដ្ឋនៅក្នុងស្រុកព្រៃកប្បាស ដោយ មានក្បាច់រចនាផ្សេងៗយ៉ាងស្រស់ស្អាត ដូចជា៖

អ៊ំស្រី លី ណៃស្រ៊ីម អាយុ៧៥ឆ្នាំ តំណាងប្រជាពលរដ្ឋជាច្រើនគ្រួសារ រស់នៅភូមិទួលលលក ឃុំតាំងយ៉ាប ស្រុកព្រៃកប្បាស ខេត្តតាកែវ បានឱ្យដឹងថា ជាច្រើនជំនាន់មកហើយគ្រួសារអ៊ំស្រីជាអ្នកតម្បាញហូលផា មួង អ៊ំស្រីបានចេះត្បាញហូលផាមួងតាំងពីអាយុ១៤ ឆ្នាំមក។ ដោយចេះត្បាញបន្តពីម្តាយនិងជីដូន ពោលគឺតាំងពីជំនាន់លន់ណុលមកម្ល៉េះ។
សំពត់ហូល ដែលអ៊ំស្រីប្រគល់ជូនសារមន្ទីរវាយនភណ្ឌប្រពៃណីអាស៊ី យកទៅរក្សាទុក ជាហូលក្បាច់គោមបាត់ដំបង ដោយអ៊ំស្រីជាអ្នកត្បាញដោយផ្ទាល់ដៃ និងបានថែរក្សាទុកតាំងសម័យប៉ុលពត ដោយលាក់ទុកនៅក្នុងខ្នើយ កើយ និងបន្តថែរក្សាមកដល់បច្ចុប្បន្ន មានអាយុកាល ៥២ឆ្នាំមកហើយ គឺនៅសេសសល់តែមួយក្បិននេះប៉ុណ្ណោះ។ ដោយយល់ថា សំពត់ហូលមួយក្បិននេះ ជាស្នាដៃដំបូងដែលអ៊ំស្រីត្បាញ ដោយក្តីស្រឡាញ់ជាខ្លាំង និងពេញចិត្តប្រគល់ជូនមកកាន់សារមន្ទីរ ក្នុងគោល បំណងថែរក្សាទុកកេរដំណែល ដល់កូនចៅជំនាន់ក្រោយបានឃើញ សំពត់ហូលដែលជាស្នាដៃត្បាញកូនខ្មែរពិតប្រាកដ។

អ៊ំស្រីបន្តថា សំពត់ហូលមួយក្បិននេះ បានជ្រលក់ព័ណ៌ចំនួន៣ទឹក ប្រើប្រាស់ល័ក្ខខ្មែរពីសម័យដើមសុទ្ធសាធ មានគុណភាពល្អ និងមានភាពស្រស់ស្អាត។
សូមជម្រាបថា សារមន្ទីរវាយនភណ្ឌប្រពៃណីអាស៊ី មានទីតាំងស្ថិតនៅភូមិបឹងដូនប៉ា តាមបណ្តោយផ្លូវ៦០ម៉ែត្រ សង្កាត់ស្លក្រាម ក្រុង ខេត្តសៀមរាប។ សារមន្ទីរបើកឱ្យសាធារណៈជនបានចូលទស្សនា ចាប់ពីថ្ងៃពុធ ដល់ថ្ងៃចន្ទ ពីម៉ោង៨និង៣០នាទី ដល់ម៉ោង៤ល្ងាច៕
