សៀមរាប÷ផ្ទុះការតវ៉ាមួយប្រាវបង្កការភ្ញាក់ផ្អើលទាំងព្រឹក នៅកណ្តាលក្រុងសៀមរាប បន្ទាប់ពីអាជ្ញាធរនិងពលរដ្ឋចាក់ដីធ្វើផ្លូវ ហើយត្រូវក្រុមកូនចៅលោក វណ្ណ សុផាណ្ណា អឌិតនាយអធិការដ្ឋានរដ្ឋបាលព្រៃឈើខាងជើងបឹងទន្លេសាប យកឡានមកដាក់ពាំងក្នុងគោលដៅរារាំងមិនអោយធ្វើផ្លូវ។
ប៉ុន្តែនៅប៉ុន្មានម៉ោងក្រោយ រថយន្តសេរីទំនើបធុន ៥៧០ បានលូនចេញពីទីតាំងដាក់ពាំងផ្លូវនោះសន្សឹមៗវិញដោយខ្លួនឯង ក្រោយអាជ្ញាធរពន្យល់និងបង្ហាញជើងម៉ែត្រនៃប្លង់ដី ដែលចេញដោយជំនាញសូរិយោដី និងសំណង់។
ហេតុការណ៍នេះដែលមិនគួរកើតមាននោះ បានកើត ឡើងនាព្រឹកថ្ងៃទី២៣ខែកុម្ភ: ឆ្នាំ២០២៤ ក្នុងភូមិខ្នារ សង្កាត់ជ្រាវ ក្រុង.ខេត្តសៀមរាប ត្រង់ចំណុច ខាងលិចភោជនីយដ្ឋានអាប៉ូឡូប្លាស្សា រ៉បផ្លូវជាតិលេខ៦ ។
មេភូមិខ្នារនៃសង្កាត់ជ្រាវ លោកម៉ោញ ហុកកាយ ដែលស្ថិតក្នុងហេតុការណ៍ បានអោយដឹងថា ផ្លូវមួយខ្សែដែលកំពុងស្ថាបនានេះ មានទទឹង៦ម៉ែត្រ ដោយត ភ្ជាប់ពីផ្លូវជាតិលេខ៦ឆ្ពោះទៅកាន់ភូមិខ្នារ មាននៅក្នុង គំរោងប្លង់រួចស្រាប់ហើយ។
ពីមុនមកដោយមិនទាន់បានស្ថាបនាឡើង ក្រុមពលរដ្ខមួយចំនួនបានធ្វើដំណើររឆ្លងកាត់ដីឡូត៍របស់ក្រុមហ៊ុនមួយ។ ពេលនេះក្រុមហ៊ុនខាងលើបានរៀបចំដីនោះធ្វើជាទីតាំងកំសាន្ត ហើយថែមទាំងជួយអាចម៍ដី១០០ឡានសម្រាប់ស្ថាបនាផ្លូវដល់ពលរដ្ឋផងនោះ អាជ្ញាធររួមទាំងពលរដ្ឋក៍រួមគ្នាចាក់ដីធ្វើផ្លវនេះតែម្តង។
លោកមេភូមិអោយដឹងទៀតថា ក្នុងពេលកំពុងដំណើរការចាក់ដីទើបតែបានប៉ុន្មានឡាន ក៍ស្រាប់តែមានមនុស្សប្រុសស្រីមួយក្រុមអះអាងថា ជាកូនចៅលោកវណ្ណ សុផាណ្ណា ហើយយកឡានទំបើបរបស់ខ្លួនមកដាក់ពាំងមិនអោយដំណើរការបន្ត ដោយបញ្ជាក់ថាធ្វើផ្លូវគ្មានច្បាប់អនុញាតិ។ លុះពេលរូបលោក (មេភូមិ)បង្ហាញប្លង់ជើងម៉ែត្រ ម្ចាស់រថយន្តទំនើបបន្ថែមថា ឡានដឹកដីបើកកាត់ដីរបស់ខ្លួនបណ្តាលអោយបាក់ដើមឈើ។ ក្រោយពីភាគីទាញហេតុផលហាក់គ្មានមូលដ្ឋានច្បាស់លាស់ហើយមិនព្រមដកឡានចេញ លោកអនុភូមិឈ្មោះហម ប៊ុនហឿន លើកដៃសំពះសុំក្តីមេត្តា ហើយបញ្ជាក់ថា ផ្លូវមួយខ្សែនេះមិនមែនសម្រាប់តែមេភូមិ មេសង្កាត់ឬ មេក្រុងទេ គឺសម្រាប់ពលរដ្ឋទូទាំងខេត្ត ម្យ៉ាងវិញទៀតក៍មិនមានអីប៉ះពាល់ដល់ដីរបស់ក្មួយៗដែរ។ ក្រោយបញ្ជាក់អំពីហេតុផល ទើបរថយន្តទំនើបសេរី៥៧០លូនចេញវិញដោយខ្លួនឯង ឯងដំណើរការស្ថាបនា ក៍បន្តដោយរលូន។
ទោះបីយ៉ាងណាក្រុមម្ចាស់រថយន្តទំនើបដែលដាក់ពាំងផ្លូវ មិនបានផ្តល់បទសម្ភាសន៍ជាមួយអ្នកព័ត៌មាននោះទេ ទាក់ទងនិងការយករថយន្តទៅដាក់ពាំងបិទផ្លូវនេះ ថាតើមូលហេតុអ្វីប្រាកដ។
នេះហៅថា រឿងមិនគួរកើត តែសុខៗវាអាចកើត បង្កការភ្ញាក់ផ្អើលទទេៗ៕