Breaking News
Download Free FREE High-quality Joomla! Designs • Premium Joomla 3 Templates BIGtheme.net
Home / Uncategorized / ម្តងនេះធ្ងន់កហើយ អាជ្ញាធរជាតិអប្សរា ប្រកាសចាត់​វិធានការផ្លូវច្បាប់លើជំទាវលី អ៊ុំអេង រឿងចោទថាទាមទារប្រាក់ពីរលានដុល្លារ ជាថ្នូរនឹងការប្រគល់ដីជាង៧ហិកតាអោយទៅខ្លួន

ម្តងនេះធ្ងន់កហើយ អាជ្ញាធរជាតិអប្សរា ប្រកាសចាត់​វិធានការផ្លូវច្បាប់លើជំទាវលី អ៊ុំអេង រឿងចោទថាទាមទារប្រាក់ពីរលានដុល្លារ ជាថ្នូរនឹងការប្រគល់ដីជាង៧ហិកតាអោយទៅខ្លួន

សៀមរាប៖ ធ្ងន់កហើយ ប្រហែលជាមិនខុសពីដាំទឹកក្តៅស្រោចលើខ្លួននោះទេ អាជ្ញាធរជាតិអប្សរា ប្រកាសចាត់វិធាន​ការផ្លូវច្បាប់លើជំទាវ​ ឧកញ៉ាបណ្ឌិតលី អ៊ុំអេង តាមផ្លូវច្បាប់ដោយគ្មានការលើកលែង។


  ការប្រកាសចាត់វិធានការផ្លូវច្បាប់​ របស់អាជ្ញាធរជាតិអប្សរា​ ទៅលើជំទាវលី អ៊ុំអេង​ បែបនេះគឺបន្ទាប់ពីជំទាវរូបនេះបានផ្សព្វផ្សាយព័ត៌មានដោយចោទប្រកាន់ថា អាជ្ញាធរជាតិមួយនេះ បានទាមទារប្រាក់ពីឧកញ៉ា លីអ៊ុំអេង ចំនួនពីរលានដុល្លាអាម៉េរិក ជាថ្នូនឹងការប្រគល់ដីជាង៧ហិកតា នៅក្នុងតំបន់បុរីសណ្ឋាគារ​ ឬតំបន់អង្គរឃ្យុងយូអោយទៅខ្លួន។

ជាមួយគ្នានោះអាជ្ញាធរជាតិអប្សរា បានច្រានចោលនូវព័ត៌មានដែលផ្សព្វផ្សាយគ្មានការពិត គ្មានមូលដ្ឋានជាក់លាក់នេះផងដែរ។

យោងតាមលិខិតប្រកាសព័ត៌មានរបស់អាជ្ញាធរជាតិអប្សរា ចុះថ្ងៃទី២៣ ខែកុម្ភៈ នេះ បានឲ្យដឹងថា កាល​ពី​ថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២៤ ស្ថានីយ៍ទូរទស្សន៍ ខេមរា អេប៊ី វី អនឡាញ (Khemra FB TV Station Online) បានផ្សព្វផ្សាយព័ត៌មានពាក់ព័ន្ធនឹងបញ្ហាដីធ្លី ០៩ ក្បាលដី ទំហំសរុប ៧,៧៣ ហិចតា ស្ថិតនៅ តំបន់បុរីសណ្ឋាគារ ក្នុងភូមិសាស្ត្រ ភូមិចុងកៅស៊ូ (បច្ចុប្បន្នភូមិធ្លកអណ្តូង) និងភូមិបឹងជូនប៉ា សង្កាត់ស្លក្រាម ក្រុង.ខេត្តសៀមរាប ដោយបានផ្សព្វ​ផ្សាយថា អាជ្ញាធរជាតិអប្សរាបានទាមទារប្រាក់ចំនួនពីរលានដុល្លារ សហរដ្ឋអាម៉េរិក ពីលោកជំទាវ លី អ៊ុំអេង ជាថ្នូរនឹងការប្រគល់ដីខាងលើនេះ និងថាអាជ្ញាធរជាតិអប្សរាបានឃុបឃិតគ្នាជាមួយស្ថាប័នសាលាដំបូងខេត្តសៀមរាប យកដីរបស់លោកជំទាវ លី អ៊ុំអេង ប្រគល់ទៅឱ្យសាលាដំបូង ខេត្តសៀមរាប ដើម្បីធ្វើជាទីតាំងសាលាដំបូងខេត្តសៀមរាបថ្មី។

លិខិតដដែលបង្ហាញទៀតថា ដើម្បីចៀសវាងការភ័ន្តច្រឡំមកលើស្ថាប័នអាជ្ញាធរជាតិអប្សរា ក៏ដូចជាថ្នាក់ដឹកនាំអាជ្ញាធរជាតិអប្សរា និងជាការឆ្លើយតបចំពោះការអត្ថាធិប្បាយរបស់ពិធីករ និងជាអគ្គនាយក ស្ថានីយ៍ទូរទស្សន៍ ទូរទស្សន៍ ខេមរា អេហ្វេប៊ី ធីវី អនឡាញ (Khemra FB TV Station Online) ជាពិសេសការលើកឡើងរបស់លោកជំទាវ លី អ៊ុំអេង អ្នកនាំពាក្យ អាជ្ញាធរជាតិអប្សរា សូមធ្វើការបំភ្លឺជូនសាធារណជនឱ្យបានជ្រាបដូចខាងក្រោម៖


១. លោកជំទាវ លី អ៊ុំអេង បានប្រើប្រាស់បណ្តាញទំនាក់ទំនងសង្គមហ្វេសប៊ុក និងទូរទស្សន៍អនឡាញ ផ្សព្វផ្សាយចោទប្រកាន់ដោយគ្មានមូលដ្ឋាន និងទម្លាក់កំហុសដោយអសុទ្ធចិត្ត មកលើអាជ្ញាធរជាតិអប្សរា ពាក់ព័ន្ធនឹងបញ្ហាដីធ្លី ០៩ក្បាលដីខាងលើ ចំនួន០៣(បី)លើករួចមកហើយ(រួមទាំងលើកនេះ)។ កន្លងមក អាជ្ញាធរជាតិអប្សរា ក៏បានបំភ្លឺជូនសាធារណ​ជនចំនួន០២(ពីរ)លើករួចមកហើយផងដែរ តាមរយៈសេចក្តីបំភ្លឺលេខ ៦៦៦/១៩ របសបក ចុះថ្ងៃទី១៩ ខែសីហា ឆ្នាំ២០១៩ និងសេចក្តីប្រកាសព័ត៌មានលេខ ៥៣០/២១ របសបកចុះថ្ងៃទី១១​ ខែសីហា ឆ្នាំ២០២១ របស់អាជ្ញាធរជាតិអប្សរា ។


២- ដីធ្លីទាំង ០៩ ក្បាលដីខាងលើនេះ ត្រូវបានរាជ​រដ្ឋា​ភិបាលសម្រេចរួចហើយថា ឱ្យចុះបញ្ជីចេញ បណ្ណកម្មសិទ្ធិ ជាកម្មសិទ្ធិឯកជនរបស់រដ្ឋ តាមរយៈសេចក្តីជូនដំណឹងលេខ ១៣៨៣ សជណ.អ ចុះថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០១៨។ រាល់ពាក្យបណ្ដឹង និងពាក្យសុំនានារបស់លោកជំទាវ លី អ៊ុំអេង ទៅស្ថាប័នផ្សេងៗ រួមមានក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ អាជ្ញាធរជាតិដោះស្រាយ ទំនាស់ដីធ្លី និងស្ថាប័នតុលាការគ្រប់ជាន់ថ្នាក់ (សាលាដំបូង សាលា​ឧទ្ធរណ៍ និងតុលាការកំពូល) សុទ្ធតែត្រូវបានសម្រេចបដិសេធ និងលើកចោល។ រាជរដ្ឋាភិបាលសម្រេច​ផ្តល់ទីតាំងដីមួយ កន្លែងទំហំ ១៨.១៥៨ ម៉ែត្រការ៉េ របស់អាជ្ញាធរជាតិអប្សរា ស្ថិតនៅក្នុងតំបន់បុរីសណ្ឋាគារ ក្នុងភូមិ សាស្ត្រភូមិធ្លកអណ្តូង សង្កាត់ស្លក្រាម ក្រុងសៀមរាប ខេត្តសៀមរាប ជូនក្រសួងយុត្តិធម៌ សម្រាប់សាងសង់អគារសាលាឧទ្ធរណ៍តំបន់ សាលាដំបូង និងអយ្យការអមសាលាដំបូង​ ខេត្ត​សៀមរាប​ តាមរយៈសេចក្តីជូនដំណឹងលេខ ២០២ សជណ.អវ ចុះថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២២ ដើម្បីជាប្រយោជន៍សាធារណៈ បំរើឱ្យវិស័យយុត្តិធម៌។


៣- ជានិច្ចកាល អាជ្ញាធរជាតិអប្សរាបានខិតខំគ្រប់​គ្រង និងការពារដីធ្លីរបស់រដ្ឋនៅក្នុងតំបន់បុរីសណ្ឋាគារ ស្របតាមអនុក្រឹត្យលេខ១៥៨ អនក្រ.បក ចុះថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០១៦ របស់រាជរដ្ឋាភិបាល។ អាជ្ញាធរជាតិអប្សរាពុំមានសិទ្ធិអំណាចក្នុងការចាត់ចែង ឬប្រគល់ជាកម្មសិទ្ធិនូវដីធ្លីរបស់រដ្ឋទៅឱ្យ បុគ្គលឯកជនឡើយ ហើយក៏ពុំមានករណ៏ដែលថ្នាក់ដឹកនាំ ឬមន្ត្រីអាជ្ញាធរជាតិអប្សរា បានទាមទារ ឬស្នើសុំប្រាក់ចំនួនពីរលានដុល្លារសហរដ្ឋអាមេរិក ពីលោកជំទាវ លី អ៊ុំអេង ជាថ្នូរនឹងការប្រគល់ដី ខាងលើ ឬបានឃុបឃិតគ្នាជាមួយអតីតប្រធានសាលាដំបូងខេត្តសៀមរាប ប្រគល់ដីខាងលើ (មួយផ្នែក) យកទៅធ្វើអគារសាលាដំបូងខេត្តសៀមរាប ដូចការលើកឡើងរបស់លោកជំទាវ លី អ៊ុំអេង ដែរ។


៤- ដោយពិនិត្យឃើញថា ការផ្សព្វផ្សាយព័ត៌មានពាក់ព័ន្ធនឹងបញ្ហាដីធ្លីខាងលើ មានលក្ខណៈបំភ្លៃការពិត និងញុះញង់ឱ្យមានការរើសអើងមកលើថ្នាក់ដឹកនាំ និងមន្ត្រីអាជ្ញាធរជាតិអប្សរា ម្តងហើយម្តងទៀត ធ្វើឱ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់កិត្តិនាមរបស់ស្ថាប័ន ក៏ដូចជាកិត្តិយស និងសេចក្តីថ្លៃថ្នូររបស់ថ្នាក់ ដឹកនាំអាជ្ញាធរជាតិអប្សរា អាជ្ញាធរជាតិអប្សរា សម្រេចថានឹងចាត់វិធានការទៅតាមផ្លូវច្បាប់ដោយ គ្មានការ​លើកលែងឡើយ។


  យោងតាមការប្រកាសរបស់ អាជ្ញាធរជាតិអប្សរា ដែលបញ្ជាក់ថា នឹងចាត់វិធានការផ្លូវច្បាប់ដោយគ្មានការលើកលែងនេះ គេរំពឹងថា ច្បាប់នឹងមិនអត់ឨនចំពោះបុគ្គលដែលវាយប្រហារ​ លើស្ថាប័នរដ្ឋដែលគ្មានមូលដ្ឋាននោះឡើយ។ អីចឹងទេ ម្តងនេះជំទាវដែលសំបូរដោយរឿងអាស្រូវ​ ករណីវិវាទដីធ្លី ប្រហែលជាគេចមិនផុតពីសំណាញ់ច្បាប់ឡើយ៕

About siemreaptoday

Check Also

ក្រុមការងារសហគមន៍ បន្តចុះពិនិត្យសំណើពលរដ្ឋនៅក្នុងរមណីយដ្ឋានអង្គរ ៣៩ករណី និងសម្រេច​អនុញ្ញាតអោយ២៧ ករណី

ប្រជាពលរដ្ឋដែលកំពុងរស់នៅក្នុងរមណីដ្ឋានអង្គរត្រូវបានទទួលនូវការយកចិត្តទុកដាក់អំពីសំណាក់អាជ្ញាធរជាតិអប្សរា ដោយមានការអនុគ្រោះក្នុងការជួសជុលតូចតាចនូវលំនៅដ្ឋានក៏ដូចជាសំណង់ឧប្បសម្ព័ន្ធមាន របង ដំបូល ជញ្ជាំង សសរពុកផុយ បង្គន់អនាម័យ រោងគោ ទ្រុងមាន់ និងទ្រុងជ្រូកជាដើម ហើយរាល់ការអនុញ្ញាតជួសជុលមានសុពលភាពត្រឹមពីរខែ នៅលើទីតាំងកំពុងរស់នៅផ្ទាល់តែម្ដងតាមរយៈការចុះពិនិត្យ និងសម្រេចជាប្រចាំដោយក្រុមការងារសហគមន៍នាយកដ្ឋានគ្រប់គ្រង់ដីធ្លី បេតិកភណ្ឌក្រុង និងសហគមន៍ …

Leave a Reply

Your email address will not be published. Required fields are marked *

Categories