Breaking News
Download Free FREE High-quality Joomla! Designs • Premium Joomla 3 Templates BIGtheme.net
Home / Uncategorized / អ្នកស្រុកអង្គរ នៅតែបំពេញតួនាទីជាអ្នកថែរក្សា និងការពារអង្គរ

អ្នកស្រុកអង្គរ នៅតែបំពេញតួនាទីជាអ្នកថែរក្សា និងការពារអង្គរ

មកដល់សព្វថ្ងៃ អ្នកស្រុកអង្គរ នៅតែបំពេញតួនាទីជាអ្នកថែរក្សា និងការពារអង្គរ តាមរយៈការចូលរួមជួសជុលប្រាសាទបុរាណនានា និងបានក្លាយជាកម្មករជំនាញតាមផ្នែកផ្សេងៗដូចជា ដាប់ឆ្លាក់ថ្ម រៀបផ្គុំថ្ម និងស្វែងរកថ្មជាដើម។

ជាក់ស្តែង លោក ព្រាន ដូរ អាយុ៣២ឆ្នាំ និងលោក តប់ តង អាយុ៥៨ឆ្នាំ ក្នុងចំណោមកម្មករជំនាញជា​ច្រើន កំពុងបំពេញតួនាទីរបស់ខ្លួនជាអ្នកស្វែងរកថ្មដែលរលុះធ្លាក់ចល័តខុសពីទីតាំងដើម នៅការដ្ឋានជួសជុលខ្លោងទ្វារខាងត្បូងនៃប្រាសាទតាព្រហ្ម ដែលទទួលរងការខូចខាត បាក់ស្រុតរលុះថ្មស្ទើរតែទាំង​ស្រុងជាយូរមកហើយឱ្យរឹងមាំឡើងវិញ។

លោក ព្រាន ដូរ ឱ្យដឹងថា នៅការដ្ឋានជួសជុលខ្លោង​ទ្វារខាងត្បូងរបស់ប្រាសាទតាព្រហ្ម មានចំនួន២នាក់ ហើយការស្វែងរកថ្មប្រាសាទដែលរលុះធ្លាក់ និងចល័តខុសពីទីតាំងដើមយកមករៀបផ្គុំឱ្យត្រូវឡើងវិញចួបការលំបាកច្រើន ដោយចំនួនថ្មនៃតួខ្លោងទ្វារមានរាប់រយដុំ ថ្មខ្លះបានបែកបាក់ និងនៅរាយប៉ាយ។

ការស្វែងរកថ្មដែលរលុះធ្លាក់ទាំងនោះបានទាល់តែមានចិត្តព្យាយាមរកឱ្យឃើញផ្នែកណាមួយជាមុនសិន ទើបមានមូលដ្ឋានស្វែងរកថ្មទៅតាមល្បាក់ជាបន្ត​បន្ទាប់។ លោក ព្រាន ដូរ បញ្ជាក់ថា ក្នុងចំណោមថ្មប្រាសាទដែលងាយស្រួលស្វែងរក គឺថ្មដែលមានក្បាច់។

ចំណែកលោក តប់ តង អាយុ៥៨ឆ្នាំ ជាកម្មករជំនាញស្វែងរកថ្មម្នាក់ទៀត ក៏បានលើកឡើងប្រហាក់ប្រហែលគ្នាថា ការរកថ្មសម្រាប់យកទៅជួសជុលប្រាសាទឱ្យត្រូវតាមទីតាំងដើម និងបានពេញទម្រង់ដើមឡើងវិញមានសារសំខាន់ណាស់ ដើម្បីរក្សាភាពដើមរបស់ប្រាសាទផង និងធ្វើឱ្យសំណង់រឹងមាំឡើងវិញផង។

លោក តប់ តង បង្ហាញឆន្ទៈមុតមាំថា ក្នុងនាមលោកជាអ្នកទទួលខុសត្រូវលើការងាររកថ្ម គឺលោកនឹងខិតខំប្រើជំនាញ និងទេពកោសល្យឱ្យអស់ពីកម្លាំង​កាយចិត្ត ដើម្បីជួយសង្គ្រោះខ្លោងទ្វារខាងត្បូងរបស់ប្រាសាទតាព្រហ្ម ដែលកំពុងដួលបាក់បែកឱ្យឈរដូចដើមវិញនៅពេលខាងមុខ។

សូមបញ្ជាក់ថា ក្នុងចំណោមអ្នកស្រុកអង្គរដែលបានចូលរួមជួសជុល ថែរក្សាប្រាសាទបុរាណកន្លងមក អ្នកខ្លះមានវង្សត្រកូលជាអ្នកជួសជុលអង្គរអស់ជា​ច្រើនជំនាន់មកហើយ ដោយបន្តតាំងពីជំនាន់ជីតា ដល់ឪពុក រហូតកូនៗ ហើយពួកគាត់សប្បាយចិត្តនឹងការផ្ទេរចំណេះដឹងដល់អ្នកជំនាន់ក្រោយ ដើម្បីរួមគ្នាថែរក្សាកេរដូនតាឱ្យនៅគង់វង្សជាបន្តទៀតបន្តពីមួយជំនាន់ទៅមួយជំនាន់៕

About siemreaptoday

Check Also

ក្រុមការងារសហគមន៍ បន្តចុះពិនិត្យសំណើពលរដ្ឋនៅក្នុងរមណីយដ្ឋានអង្គរ ៣៩ករណី និងសម្រេច​អនុញ្ញាតអោយ២៧ ករណី

ប្រជាពលរដ្ឋដែលកំពុងរស់នៅក្នុងរមណីដ្ឋានអង្គរត្រូវបានទទួលនូវការយកចិត្តទុកដាក់អំពីសំណាក់អាជ្ញាធរជាតិអប្សរា ដោយមានការអនុគ្រោះក្នុងការជួសជុលតូចតាចនូវលំនៅដ្ឋានក៏ដូចជាសំណង់ឧប្បសម្ព័ន្ធមាន របង ដំបូល ជញ្ជាំង សសរពុកផុយ បង្គន់អនាម័យ រោងគោ ទ្រុងមាន់ និងទ្រុងជ្រូកជាដើម ហើយរាល់ការអនុញ្ញាតជួសជុលមានសុពលភាពត្រឹមពីរខែ នៅលើទីតាំងកំពុងរស់នៅផ្ទាល់តែម្ដងតាមរយៈការចុះពិនិត្យ និងសម្រេចជាប្រចាំដោយក្រុមការងារសហគមន៍នាយកដ្ឋានគ្រប់គ្រង់ដីធ្លី បេតិកភណ្ឌក្រុង និងសហគមន៍ …

Leave a Reply

Your email address will not be published. Required fields are marked *

Categories