Breaking News
Download Free FREE High-quality Joomla! Designs • Premium Joomla 3 Templates BIGtheme.net
Home / Uncategorized / តើសមរាត្រីនារដូវប្រាំងត្រូវនឹងខែមីនា មានកិច្ចពិធីអ្វីខ្លះតាមទំនៀមព្រាហ្មណ៍

តើសមរាត្រីនារដូវប្រាំងត្រូវនឹងខែមីនា មានកិច្ចពិធីអ្វីខ្លះតាមទំនៀមព្រាហ្មណ៍

សៀមរាប៖ យើងស្គាល់សមរាត្រី តាមការប្រែសម្រួលពីភាសាសំស្ត្រឹត ដែលមានសរសេរលើថ្មបុរាណតាំងពីសម័យមុនអង្គរ និងសម័យអង្គរ ថា “វិសុវ” (បើសរ សេរតាមភាសាបច្ចុប្បន្ន ជា “ពិសុព”) ដែលអ្នកប្រាជ្ញខាងសិលាចារឹកបានដឹងឮយូរមកហើយដែរ។
  សមរាត្រី (វិសុវ/ពិសុព) ជាព្រឹត្តិការណ៍មួយ ដែលរយៈពេលថ្ងៃនិងយប់មានប្រវែងស្មើគ្នា។ ជាពិសេស ចំពោះអង្គរវត្តក្នុងវេលាថ្ងៃនេះ នាវេលាព្រឹកស្រាងៗ មានព្រះអាទិត្យរះចំកណ្តាលកំពូលប្រាសាទ បើគិតនៅឆ្នាំ២០២៣ ត្រូវចំនៅថ្ងៃទី២១ ខែមីនា ខាងមុខ នេះ។ 

សមរាត្រី (Equinox) កើតឡើងចំនួន២ដងជារៀងរាល់ឆ្នាំ គឺសមរាត្រីរដូវប្រាំង (វសន្តរដូវ) កើតឡើងនៅថ្ងៃទី២១ ខែមីនា និងសមរាត្រីរដូវវស្សាកើតឡើងនៅថ្ងៃទី២២ ខែកញ្ញា។

លោក អ៊ឹម សុខរិទ្ធី បុរាណវិទូ និងជាប្រធាននាយកដ្ឋានស្រាវជ្រាវ បណ្តុះបណ្តាល និងផ្សព្វផ្សាយ នៃអាជ្ញាធរជាតិអប្សរាមានប្រសាសន៍ថា ព្រឹត្តិការណ៍ពិសេសនេះ នាវសន្តរដូវ ប្រហែលមានប្រារព្ធកិច្ចពិធីធំៗតាមទំនៀមព្រាហ្មណ៍នាសម័យអង្គរ។ ប៉ុន្តែពិធីទាំងនោះ មិនមានបន្តរៀបចំមកទល់សព្វថ្ងៃ នាំឱ្យយើងបាត់ដានឈឹង។ ដើម្បីជាការពិចារណា យើងសាកល្បងមើលទៅប្រភពដើមនៃអារ្យធម៌ខ្មែរ ដ្បិតយើងទទួលឥទ្ធិពលពីឥណ្ឌា ហើយប្រហែលតិចឬច្រើនយើងប្រតិបត្តិតាមប្រពៃណីព្រាហ្មណ៍ខ្លះហើយ។

នាថ្ងៃវិសុវ/ពិសុព វសន្តរដូវ ទី១ ព្រាហ្មណ៍នៅទូទាំងប្រទេសឥណ្ឌានៅអំឡុងខែមីនា គេឃើញមានប្រារព្វពិធីបុណ្យមួយយ៉ាងធំ បើតាមគម្ពីបុរាណរបស់ឥណ្ឌា គេហៅថា Holi។ នៅក្នុងពិធីនេះ អ្នកចូលរួមទាំងអស់បានច្រៀង រាំ យ៉ាងត្រេកអរ ដោយយកម្សៅពណ៌មកបាចនិងលាបដាក់គ្នាទៅវិញទៅមកយ៉ាងសប្បាយរីក រាយដើម្បីអបអរសារទជ័យជំនៈរបស់ព្រះនរាយណ៍ដែលបានតំណែងខ្លួនជាអវតារមានទម្រង់ជានរសឹង្ហ ដែលបានសម្លាប់យក្សកំណាចដ៏ធំមួយ បានបំផ្លាញផែនដីមានឈ្មោះថា ហិរណ្យកស៊ីពុ ( Hiranyakashipu)។ ទី២ ព្រឹត្តិការណ៍សមរាត្រីនេះអាចជាប់ពាក់ព័ន្ធនឹងរឿងជ័យជំនះរបស់ព្រះនរាយណ៍ដែរ គឺព្រះគ្រឹស្ណដែលជាអវតារមួយយ៉ាងសំខាន់របស់ព្រះអង្គដែលបានកំចាត់ ឬបំផ្លាញសភាវអាក្រក់។ ព្រាហ្មណ៍ ប្រារព្ធកិច្ចដើម្បីបង្ហាញថា សភាវល្អឈ្នះលើសភាវអាក្រក់ យុត្តិធម៌ឈ្នះលើអយុត្តិធម៌។ ទី៣ ថ្ងៃវិសុវ/ពិសុពនេះក្រៅពីជាប់ពាក់ព័ន្ធនឹងរឿងថ្ងៃមង្គលរបស់និកាយព្រះនរាយណ៍ ក៏ជាថ្ងៃមង្គលធំមួយរបស់និកាយព្រះឥសូរដែរ។ វេលាថ្ងៃនិងយប់មានរយៈពេលស្មើគ្នានេះ ព្រះឥសូរនិងមហេសីបានរួមបញ្ចូលគ្នាជាប្រាណតែមួយ ដែលមួយចំហៀងជាប្រាណបុរស និងមួយចំហៀងជាប្រាណស្រ្តី ដែលមានឈ្មោះថា “អឌ្ឍនារីស្វរ” (Ardhanarishvara)។ ខ្មែរបុរាណនិយមបដិមានេះខ្លាំង ដែលយើងមានបដិមានេះនៅមុនសម័យអង្គរនិងសម័យអង្គរ។
ទី៤ ចំពោះប្រពៃណីធ្វើយោគ (Yogic tradition) នៅថ្ងៃសមរាត្រីរដូវនេះ គឺជាថ្ងៃដ៏វិសេសសម្រាប់អ្នកប្រតិបត្តិយោគ (Yoga) ព្រោះជាពេលវេលាដ៏ល្អបំផុត ដើម្បីទទួលផលខ្ពង់ខ្ពស់ ពីការធ្វើយោគ ជាងវេលាណាៗទាំងអស់។

បើពិចារណាលើករណីពិធីខាងលើ នោះយើងឃើញមានទាក់ទងនឹងព្រះនរាយណ៍ជាពិសេស។ អង្គរវត្តសាងទ្បើងជាទេវឋានរបស់ព្រះនរាយណ៍ មានឈ្មោះដើមថា “ព្រះបរមវិស្ណុលោក”។ តើថ្ងៃរះចំកំពូលកណ្តាលអង្គរវត្តនៅសមរាត្រីរដូវប្រាំងនេះ មានទាក់ទងនឹងកិច្ចពិធីខាងលើទេដឹង?៕

About ad3fqkn

Check Also

អ្នកជំនាញការអាដហុកអាយស៊ីស៊ី-អង្គរ ចុះពិនិត្យការដ្ឋានជួសជុលប្រាសាទមុនកិច្ចប្រជុំផ្លូវការ

សៀមរាប៖ នៅព្រឹកថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០២៣  ជាថ្ងៃទីមួយនៃដំណើរទស្សនកិច្ចរបស់ក្រុមអ្នកជំនាញការ អាដហុក អាយស៊ីស៊ី-អង្គរ (ICC-Angkor) ដើម្បីត្រួតពិនិត្យតាមការដ្ឋានជួសជុលប្រាសាទក្នុងតំបន់ រមណីយដ្ឋានអង្គរ។  ការងារនេះធ្វើឡើងក្នុងបំណងសិក្សា និងពិនិត្យការងារ ដែលអនុលោមតាម អនុសាសន៍ដែលដាក់ដោយគណៈកម្មាធិការអន្ដរជាតិ អាយស៊ីស៊ី-អង្គរ។ …

Leave a Reply

Your email address will not be published. Required fields are marked *

Categories