Breaking News
Download Free FREE High-quality Joomla! Designs • Premium Joomla 3 Templates BIGtheme.net
Home / Uncategorized / ថ្មជាង៤០០ដុំ គរនៅទីតាំងខាងត្បូង​ឆៀងខាងលិចប្រាសាទបាយ័ន ត្រូវបានកំណត់អត្តសញ្ញាណ និងស្គាល់ទីតាំងដើម

ថ្មជាង៤០០ដុំ គរនៅទីតាំងខាងត្បូង​ឆៀងខាងលិចប្រាសាទបាយ័ន ត្រូវបានកំណត់អត្តសញ្ញាណ និងស្គាល់ទីតាំងដើម

ក្រុមអ្នកជំនាញជួសជុលនៅខឿនរួតទី១របស់ប្រាសាទបាយ័ន ឱ្យដឹងថា ក្នុងចំណោមថ្មចំនួនប្រមាណ២០០០ដុំ គរនៅទីតាំងខាងត្បូងឆៀងខាងលិចប្រាសាទបាយ័ន ដែលចាប់ផ្តើមរើតាំងពីពាក់កណ្តាលខែមករា ឆ្នាំ២០២៤ ត្រូវបានរកឃើញចំនួនជាង៤០០ដុំ ដែលអាចកំណត់អត្តសញ្ញាណបានថា គឺជាថ្មធ្លាក់មកពីថែវទី២ និងកំពូលព្រហ្មមុខបួននៅជ្រុងនិរតីនៃប្រាសាទបាយ័ន។ ប៉ុន្តែ ចំពោះថ្មជាច្រើនទៀត គេមិនទាន់ដឹងថា មានប្រភពមកពីណានៅឡើយ។

បុគ្គលិកជួសជុលប្រាសាទរបស់អាជ្ញាធរជាតិអប្សរា និងជាអ្នកជំនាញរកថ្ម លោក ញ៉ុក ឡូ ឱ្យដឹងថា ក្នុងការរើគំនរថ្មទិសខាងត្បូងប៉ែកខាងលិចរបស់ប្រាសាទបាយ័ននៅជំហានដំបូងនេះ បានរកឃើញថ្ម និងអាចកំណត់អត្តសញ្ញាណជាច្រើនប្រភេទដូចជា ថ្មផ្តែរ ថ្មចិញ្ចើមព្រហ្ម ថ្មទងត្រចៀករបស់ព្រហ្មមុខបួន ថ្មសរសរពេជ្រ ថ្មហោជាង និងដំបូលរបស់ប្រាសាទ​បាយ័ន។

ដោយឡែក ថ្មមានចម្លាក់ជាទងត្រចៀក បបេមាត់ទាំងនោះ បានជ្រុះធ្លាក់ពីកំពូលមុខព្រហ្មលេខ២៧ រួមទាំងធ្លាក់ពីថែវទី២ ដែលនៅទល់មុខ និងគំនរថ្មនេះតែម្តង។ អ្នកជំនាញរូបនេះ បញ្ជាក់ទៀតថា ចំពោះដុំថ្មដែលអាចកំណត់អត្តសញ្ញាណបាន គឺត្រូវរៀបទុកមួយផ្នែកសម្រាប់យកមកផ្គុំគ្នាឡើងវិញ។ រីឯថ្មមួយចំនួនទៀត មិនទាន់អាចកំណត់អត្តសញ្ញាណបានត្រូវទុកដាច់ដោយឡែកជាបណ្តោះអាសន្នសិន។

ស្ថាបត្យករ និងជាអ្នកគ្រប់គ្រងការដ្ឋានជួសជុលខឿនរួតទី១ប្រាសាទបាយ័ន កញ្ញា ម៉េង សុវណ្ណលីលីន ឱ្យដឹងថា មុននឹងឈានដល់ការជួសជុលថ្មកម្រាលដែលស្រុត និងជួសជុលប្រព័ន្ធបង្ហូរនៅទិសខាងត្បូងឆៀងខាងលិចនៅរួតទី១នៃប្រាសាទបាយ័នឡើងវិញ ជា​ដំបូង ក្រុមការងារត្រូវរើគំនរថ្មដែលនៅខាងក្រោយជញ្ជាំងរោងទងនៃទីតាំងជួសជុលជាចាំបាច់។

ការងារជំហានទី១ គឺត្រូវចុះបញ្ជីថ្មនីមួយៗ និងរើម្តងមួយៗ បែងចែកទៅតាមប្រភេទថ្ម ដើម្បីងាយស្រួលរកតួនាទី និងទីតាំងរបស់វា លើកលែងតែថ្មដំបូលទាំង​អស់ហ្នឹងត្រូវយកចេញទៅខាងក្រៅ រៀបគរលើគ្នាឱ្យមានសណ្ដាប់ធ្នាប់ អ្វីដែលយើងចង់បាន គឺរកឃើញផ្នែកខាងលើបំផុតនៃតួប្រាង្គមុខបួន។

កញ្ញា ម៉េង សុវណ្ណលីលីន ឱ្យដឹងទៀតថា ជាផែនការ ក្រុមការងារនឹងព្យាយាមរុករកទីតាំងដើមរបស់គំនរថ្មនីមួយៗ ហើយបើសិនមានលទ្ធភាពនឹងរៀបចំថ្មដែលរកឃើញទាំងអស់នោះទៅទីតាំងដើមវិញនាពេលអនាគត៕

About siemreaptoday

Check Also

ក្រុមការងារសហគមន៍ បន្តចុះពិនិត្យសំណើពលរដ្ឋនៅក្នុងរមណីយដ្ឋានអង្គរ ៣៩ករណី និងសម្រេច​អនុញ្ញាតអោយ២៧ ករណី

ប្រជាពលរដ្ឋដែលកំពុងរស់នៅក្នុងរមណីដ្ឋានអង្គរត្រូវបានទទួលនូវការយកចិត្តទុកដាក់អំពីសំណាក់អាជ្ញាធរជាតិអប្សរា ដោយមានការអនុគ្រោះក្នុងការជួសជុលតូចតាចនូវលំនៅដ្ឋានក៏ដូចជាសំណង់ឧប្បសម្ព័ន្ធមាន របង ដំបូល ជញ្ជាំង សសរពុកផុយ បង្គន់អនាម័យ រោងគោ ទ្រុងមាន់ និងទ្រុងជ្រូកជាដើម ហើយរាល់ការអនុញ្ញាតជួសជុលមានសុពលភាពត្រឹមពីរខែ នៅលើទីតាំងកំពុងរស់នៅផ្ទាល់តែម្ដងតាមរយៈការចុះពិនិត្យ និងសម្រេចជាប្រចាំដោយក្រុមការងារសហគមន៍នាយកដ្ឋានគ្រប់គ្រង់ដីធ្លី បេតិកភណ្ឌក្រុង និងសហគមន៍ …

Leave a Reply

Your email address will not be published. Required fields are marked *

Categories