ប៉មឥដ្ឋ G15 ស្ថិតនៅខាងត្បូងនៃប្រាសាទភ្នំបាខែង អាយុកាលជាង១ពាន់ឆ្នាំ មានសភាពទ្រុឌទ្រោមខ្លាំងទាមទារឱ្យជួសជុលទប់ស្កាត់ការខូចខាតជាបន្តទៀត។
លោកស្រី ឈុន រតនា មន្ត្រីនាយកដ្ឋានអភិរក្សប្រាសាទ និងបុរាណវិទ្យា នៃអាជ្ញាធរជាតិអប្សរា ឱ្យដឹងថា បច្ចុប្បន្ននេះ ប៉មឥដ្ឋ G15 នៃប្រាសាទភ្នំបាខែង ទ្រុឌទ្រោម ដោយសារអាយុកាលនៃសំណង់ កង្វះការថែទាំយូរអង្វែង ព្រមទាំងធម្មជាតិផង ធ្វើឱ្យប្រាសាទឥដ្ឋនេះ រងការខូចខាតទាំងស្រុងចាប់តាំងពីក្បាំងជញ្ជាំងឡើងលើ។
ក្រៅពីនេះ ចំណុចហានិភ័យនៃប៉មឥដ្ឋ G15 មានដូចជា ខូចខាតខឿន និងរលុះប្រេះហែករចនាសម្ពន្ធនៃជញ្ជាំងជ្រាបទឹកចូលនៅក្នុងរដូវវស្សា។
លោក ស្រី ឈុន រតនា បញ្ជាក់ថា ដើម្បីថែរក្សាស្ថិរភាពប្រាសាទនេះឱ្យមានលំនឹងបន្តទៀត អ្នកជំនាញនៃអាជ្ញាធរជាតិអប្សរា កំពុងដំណើរការជួសជុលពង្រឹងជញ្ជាំងឥដ្ឋផ្នែកខាងក្នុង ព្រមទាំងជួសជុលពង្រឹងជញ្ជាំងឥដ្ឋផ្នែកខាងក្រៅនាទីសខាងកើត ទិសខាងលិច ទិសខាងជើង និងទិសខាងត្បូងឡើងវិញ។
ជួសជុលពង្រឹងខឿន សសរផ្អោប និងសសរពេជ្រ បិទភ្ជិតស្នាមប្រេះ ការពារជម្រាបទឹក គឺដើម្បីឱ្យតួប៉ម G15 នៃប្រាសាទភ្នំបាខែង រឹងមាំឡើងវិញនៅគង់វង្សយូរអង្វែងបន្តទៀត៕