អាជ្ញាធរជាតិអប្សរា និងសាកលវិទ្យាល័យសូហ្វីយ៉ាប្រទេសជប៉ុន សហការគ្នាក្នុងការបណ្តុះបណ្តាលធនធានមនុស្សផ្នែកកំណាយស្រាវជ្រាវបុរាណវិទ្យា ដើម្បីចែករំលែកចំណេះដឹង និងជាការបន្តវេនដល់មនុស្សជំនាន់ក្រោយ។
ក្នុងកិច្ចសហប្រតិបត្តិការបណ្តុះបណ្តាលធនធានមនុស្សផ្នែកកំណាយស្រាវជ្រាវនេះ គឺអាជ្ញាធរជាតិអប្សរា និងសាកលវិទ្យាល័យសូហ្វីយ៉ា បានធ្វើកំណាយស្រាវជ្រាវរួមគ្នានៅខាងក្នុងកំពែងរបស់ប្រាសាទបន្ទាយក្តី លើទួលបុរាណ សិក្សាអំពីរចនាសម្ពន្ធរបស់ទួល និងទំនាក់ទំនងជាមួយកំពែងប្រាសាទ។ កំណាយស្រាវជ្រាវបុរាណវិទ្យានេះ ចាប់ផ្តើមនៅខែសីហា ឆ្នាំ២០២៤។
និស្សិតមហាវិទ្យាល័យបុរាណវិទ្យា ឆ្នាំទី៣នៃសាកលវិទ្យាល័យភូមិន្ទ វិចិត្រសិល្បៈ កញ្ញា កែវ ឈន់លីលី ដែលបានចូលរួមធ្វើកំណាយ បានឱ្យដឹងថា នេះជាឆ្នាំទី២ហើយ ដែលមានឱកាសចូលរួមធ្វើកំណាយស្រាវជ្រាវនៅតំបន់អង្គរ។ និស្សិតដដែលបញ្ជាក់ថា ការចូលរួមធ្វើកំណាយស្រាវជ្រាវ គឺពិតជាមានសារសំខាន់ណាស់បានផ្តល់នូវចំណេះដឹង និងបទពិសោធន៍ជាច្រើនបន្ថែមពីលើការសិក្សាទ្រឹស្តីនៅក្នុងសាលា។
ចំណែកនិស្សិតបុរាណវិទ្យាឆ្នាំទី២ មួយរូបទៀត លោក ឡាំ យសោធរ ឱ្យដឹងថា នេះជាលើកដំបូងដែលបានចុះអនុវត្តមកធ្វើកំណាយស្រាវជ្រាវនៅតំបន់អង្គរ។
និស្សិតរូបនេះ បញ្ជាក់ថា ការចុះមកអនុវត្តផ្ទាល់នៅការដ្ឋានកំណាយបានធ្វើឱ្យរូបលោក បានយល់ដឹងពីរបៀបបែងចែករណ្តៅកំណាយ ការដៅចំណុចរណ្តៅនីមួយៗ របៀបកំណាយ ការកត់ត្រា ការបែងចែកស្រទាប់ដី និងរៀបចំឯកសារជាដើម។ បង្កើនការយល់ដឹងផ្នែកស្រាវជ្រាវបុរាណវិទ្យា ទទួលបាននូវបទពិសោធន៍ ចំណេះដឹងថ្មីៗក្នុងការពង្រឹងសមត្ថភាពលើការសិក្សា និងទៅថ្ងៃអនាគត៕