Breaking News
Download Free FREE High-quality Joomla! Designs • Premium Joomla 3 Templates BIGtheme.net
Home / Uncategorized / អាជ្ញាធរជាតិអប្សរា និងអង្គការ GIZ សម្ពោធគម្រោងចម្រោះទឹកស្អាតនៅប្រាសាទបន្ទាយស្រី

អាជ្ញាធរជាតិអប្សរា និងអង្គការ GIZ សម្ពោធគម្រោងចម្រោះទឹកស្អាតនៅប្រាសាទបន្ទាយស្រី

នាព្រឹកថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២៤ អាជ្ញាធរជាតិអប្សរា និងអង្គការ GIZ បានរៀបចំកម្មវិធីសម្ពោធ និងប្រគល់ជូនប្រព័ន្ធចម្រោះទឹកស្អាត នៅបរិវេណខាងមុខប្រាសាទបន្ទាយស្រី ក្នុងបំណងកាត់បន្ថយ កាកសំណល់ និងការបំពុលដោយសំរាមប្លាស្ទិកនៅតំបន់រមណីយដ្ឋានអង្គរ។

គម្រោងចម្រោះទឹកស្អាតនេះទទួលបានពីអង្គការ GIZ ដែលបានបំពាក់ម៉ាស៊ីនចម្រោះទឹកស្អាត ចំនួន២ទីតាំងនៅប្រាសាទបន្ទាយស្រី គឺទី១នៅក្នុងទីលានបដិសណ្ឋារកិច្ច និងទី២ នៅសាលបកស្រាយព័ត៌មានប្រាសាទបន្ទាយស្រី ក្នុងបំណងកាត់បន្ថយការប្រើប្រាស់ប្លាស្ទិក និងការបំពុលដោយកាកសំណល់ប្លាស្ទិកនៅក្នុងបរិវេណប្រាសាទ។

មន្រ្តី-បុគ្គលិកអាជ្ញាធរជាតិអប្សរា  បុគ្គលិកគ្រឹះស្ថានអង្គរ សមត្ថកិច្ចពាក់ព័ន្ធ អ្នកលក់ដូរ និងភ្ញៀវទេសចរ អាចប្រើប្រាស់ទឹកស្អាតទាំងនោះបានដោយឥតគិតថ្លៃ ដោយគ្រាន់តែយកដបទឹកច្រកនៅតាមធុងចម្រោះខាងលើ។

លោក Frank Jattke ប្រធានក្រុមកាងារអាស៊ានប្រចាំប្រទេសកម្ពុជា នៃទីភ្នាក់ងារសហប្រតិបត្តិការ អាល្លឺម៉ង់ (GIZ) លើកឡើងថា នេះជាគម្រោងសាក​ល្បងដែល GIZ សហការជាមួយអាជ្ញាធរជាតិអប្សរា បំពាក់ឧបករណ៍ចម្រោះទឹកស្អាតប្រើប្រាស់នៅប្រាសាទបន្ទាយស្រីនេះ។ លោកបន្តថា ឧបករណ៍នេះមានសារសំខាន់ណាស់ ក្នុងការរួមចំណែកការកាត់​បន្ថយការប្រើប្រាស់ដបប្លាស្ទិក ដែលកំពុងបង្កគ្រោះ​ថ្នាក់ដល់ភពផែនដី ព្រោះវាមិនងាយរលាយឡើយ។

លោក Frank បន្ថែមថា ក្នុងរាល់មួយវិនាទី មានប្លាស្ទិកមួយលានដបដែលបានចរាចរលក់ និងកែច្នៃឡើងវិញ ដូច្នេះយើងត្រូវធ្វើការរួមគ្នា ចូលរួមក្នុងយុទ្ធនាការកាត់បន្ថយការប្រើប្រាស់ប្លាស្ទិក ដែលជាជំហានទី១ ដោយជំនួសដបទឹក ឬសម្ភារណាដែលប្រើប្រាស់បានយូរ និងងាយរលាយ។

មន្រ្តីអង្គការ GIZ លោក Frank រំពឹងថា គម្រោងទឹកស្អាតខាងលើនឹងទទួលបានជោគជ័យ ហើយក្នុងនោះ GIZ មានគម្រោងបន្តសហការជាមួយអាជ្ញាធរជាតិអប្សរា ឬរដ្ឋបាលខេត្ត ក្នុងការដំឡើងឧបករណ៍ចម្រោះទឹកស្អាតនេះនៅតាមប្រាសាទ ឬក្នុងទីក្រុង ដើម្បីងាយស្រួលដល់ភ្ញៀវទេសចរ ឬអ្នកពាក់ព័ន្ធ ប្រើប្រាស់ដោយឥតគិតថ្លៃ និងកាត់បន្ថយការបំពុលប្លាស្ទិក។

ឯកឧត្តម ឡុង កុសល អគ្គនាយករង និងជាតំណាងឯកឧត្តមបណ្ឌិត ហង់ ពៅ អគ្គនាយកអាជ្ញាធរជាតិអប្សរា បានថ្លែងអំណរគុណដល់អង្គការ GIZ ដែលសហការជាមួយអាជ្ញាធរជាតិអប្សរា ដំឡើងឧបករណ៍ចម្រោះទឹកស្អាតនៅពេលនេះ។ ឯកឧត្តមរំពឹងថា គម្រោងនេះនឹងទទួលបានជោគជ័យ និងមានការគាំទ្រពីមន្រ្តី-បុគ្គលិក​អាជ្ញាធរ អ្នកលក់ដូរ កម្លាំងសមត្ថកិច្ចពាក់ព័ន្ធ ពិសេសភ្ញៀវទេសចរដែលមកកម្សាន្តនៅប្រាសាទបន្ទាយស្រី។

ជាមួយគ្នានេះ ឯកឧត្តម ឡុង កុសល ក៏បានរំឭកដល់ការងាររបស់អាជ្ញាធរជាតិអប្សរា ដែលតែងតែយកចិត្តទុកដាក់ខ្ពស់លើការកាត់បន្ថយការបំពុលដោយសំរាមប្លាស្ទិកនៅតំបន់ប្រាសាទ ដូចជាមានការរៀបចំទុកដាក់ធុងសំរាម មានភ្នាក់ងារសម្អាត និងកែច្នៃសំរាមទាំងនោះឡើងវិញឱ្យអស់លទ្ធភាព។

បន្ថែមពីនេះ ឯកឧត្តម ឡុង កុសល សំណូមពរឱ្យអ្នកពាក់ព័ន្ធ ពិសេសអ្នកលក់ដូរ សូមចូលរួមសហការ និងញែកសំរាមឱ្យបានត្រឹមត្រូវ ដើម្បីងាយស្រួលដល់ការប្រមូលឱ្យកាន់តែមានប្រសិទ្ធិភាព។ ជាមួយគ្នានេះ ឯកឧត្តមក៏សង្ឃឹមថា GIZ នឹងបន្តជ្រោមជ្រែងកិច្ចសហការខាងលើនេះ នៅតាមប្រាសាទនានាបន្ថែមទៀត ក្នុងគោលដៅធ្វើយ៉ាងណាឱ្យតំបន់ប្រាសាទលែងមានការបំពុលដោយ សំរាមប្លាស្ទិក៕


About siemreaptoday

Check Also

ក្រុមការងារសហគមន៍ បន្តចុះពិនិត្យសំណើពលរដ្ឋនៅក្នុងរមណីយដ្ឋានអង្គរ ៣៩ករណី និងសម្រេច​អនុញ្ញាតអោយ២៧ ករណី

ប្រជាពលរដ្ឋដែលកំពុងរស់នៅក្នុងរមណីដ្ឋានអង្គរត្រូវបានទទួលនូវការយកចិត្តទុកដាក់អំពីសំណាក់អាជ្ញាធរជាតិអប្សរា ដោយមានការអនុគ្រោះក្នុងការជួសជុលតូចតាចនូវលំនៅដ្ឋានក៏ដូចជាសំណង់ឧប្បសម្ព័ន្ធមាន របង ដំបូល ជញ្ជាំង សសរពុកផុយ បង្គន់អនាម័យ រោងគោ ទ្រុងមាន់ និងទ្រុងជ្រូកជាដើម ហើយរាល់ការអនុញ្ញាតជួសជុលមានសុពលភាពត្រឹមពីរខែ នៅលើទីតាំងកំពុងរស់នៅផ្ទាល់តែម្ដងតាមរយៈការចុះពិនិត្យ និងសម្រេចជាប្រចាំដោយក្រុមការងារសហគមន៍នាយកដ្ឋានគ្រប់គ្រង់ដីធ្លី បេតិកភណ្ឌក្រុង និងសហគមន៍ …

Leave a Reply

Your email address will not be published. Required fields are marked *

Categories