Breaking News
Download Free FREE High-quality Joomla! Designs • Premium Joomla 3 Templates BIGtheme.net
Home / Uncategorized / ពលរដ្ឋស្រុកព្រៃកប្បាស ខេត្តតាកែវ ប្រគល់ហូលពិតាន ជូនសារមន្ទីរវាយនភណ្ឌប្រពៃណីអាស៊ី ដើម្បីចូលរួមផ្សព្វផ្សាយឱ្យកូនខ្មែរបានស្គាល់

ពលរដ្ឋស្រុកព្រៃកប្បាស ខេត្តតាកែវ ប្រគល់ហូលពិតាន ជូនសារមន្ទីរវាយនភណ្ឌប្រពៃណីអាស៊ី ដើម្បីចូលរួមផ្សព្វផ្សាយឱ្យកូនខ្មែរបានស្គាល់

សារមន្ទីរវាយនភណ្ឌប្រពៃណីអាស៊ី ដែលគ្រប់គ្រងដោយអាជ្ញាធរជាតិអប្សរា ទទួលបានអំណោយហូលពិតានចំនួន៣ផ្ទាំង ពីពលរដ្ឋដែលជាអ្នកតម្បាញសូត្រនៅស្រុកព្រៃកប្បាស ខេត្តតាកែវ កាលពីពាក់កណ្តាលខែមិថុនា ឆ្នាំ២០២៤

ហូលពិតាននេះ មានក្បាច់គោមសាច់រឿងព្រះវេស្សន្តរជាតក ដែលស្នាដៃពោរពេញដោយសិល្បៈ និងជំនាញយ៉ាងប៉ិនប្រសប់។ ប្រជាពលរដ្ឋ ដែលបរិច្ចាគហូលពិតាន មានបំណងចូលរួមផ្សព្វផ្សាយពីតួនាទីហូលពិតាននៅក្នុងសង្គមខ្មែរ ទៅកាន់សារធារណជន ព្រមទាំងបណ្ដុះផ្នត់គំនិតស្រឡាញ់ និងជួយថែរក្សាឱ្យបានយូរអង្វែងតទៅមុខទៀត។

យាយ លឹម មាជ អាយុ៩១ឆ្នាំ ជាអ្នកភូមិត្រពាំងស្តុក ឃុំតាំងយ៉ាប ស្រុកព្រៃកប្បាស ឱ្យដឹងថា គាត់ចេះជំនាញត្បាញហូលតាំងពីអាយុ២០ឆ្នាំ ហើយក៏អាចត្បាញហូលពិតានផង។ ថ្វីត្បិតតែសព្វថ្ងៃ គាត់មានវ័យជរាមិនអាចត្បាញបាន ក៏ប៉ុន្តែគាត់បរិច្ចាគហូលពិតានចំនួន១ផ្ទាំងដែលជាស្នាដៃចុងក្រោយសម្រាប់ជាទាន មកដល់សារមន្ទីរវាយនភណ្ឌប្រពៃណីអាស៊ី ដើម្បីអភិរក្ស និងតាំងបង្ហាញដល់ភ្ញៀវទេសចរជាតិ និងអន្តរជាតិ។

លោកយាយ លឹម មាជ បង្ហាញទឹកចិត្តត្រេកអរជាខ្លាំង ក្នុងការធ្វើអំណោយហូលពិតានដល់សារមន្ទីរ ដោយលោកយាយាចង់ឱ្យកូនខ្មែរជំនាន់ក្រោយបានស្គាល់ និងជួយថែរក្សាកុំឱ្យបាត់បង់។

អ្នកស្រី គង់ សុភ័ក្រ មន្រ្តីអភិរក្សវាយនភណ្ឌនៃសារមន្ទីរវាយនភណ្ឌប្រពៃណីអាស៊ី ឱ្យដឹងថា ថ្មីៗនេះសារមន្ទីរទទួលបានសមុច្ច័យចំនួន៤៤ ពីប្រជាពលរដ្ឋ២៧គ្រួសារ រស់នៅខេត្តតាកែវ។ ក្នុងចំណោមនោះ មានហូលពិតានចំនួន៣ ហើយហូលពិតាននេះមានតួនាទីសំខាន់ដូចជារូបព្រះបត់ដែរ ដែលពួកគាត់ត្បាញសម្រាប់តាំងនៅទីសក្ការៈ ឬវត្តអារាម និងមានអ្នកជាវដើម្បីប្រគេនព្រះសង្ឃជាដើម។

ស្នាដៃសិល្បៈត្បាញហូលពិតានរបស់អ្នកខេត្តតាកែវ គឺមានជាច្រើនជំនាន់មកហើយ ដែលផ្ទេរជំនាញនេះបន្តគ្នារហូតមកដល់សព្វថ្ងៃ។ អ្នកស្រី គង់ សុភ័ក្រ ពន្យល់ថា បច្ចុប្បន្ននេះ កូនខ្មែរជំនាន់ក្រោយ មិនសូវស្គាល់ហូលពិតាននេះទេ គឺស្គាល់តែហូលដែលគេត្បាញសម្រាប់កាត់ជាសម្លៀកបំពាក់តែប៉ុណ្ណោះ។

សូមបញ្ជាក់ថា នៅសារមន្ទីរវាយនភណ្ឌប្រពៃណីអាស៊ី ក្រៅពីតាំងបង្ហាញសម្លៀកបំពាក់សហសម័យ និងឧបករណ៍តម្បាញ់មកពីបណ្តាប្រទេសចំនួន៥ ដែលរស់នៅតាមដងទន្លេមេគង្គ និងទន្លេគង្គារ ក៏មានការអភិរក្ស និងតាំងបង្ហាញជាអចិន្ត្រៃយ៍នូវហូលពិតានចំនួន៦ផ្ទាំង មានក្បាច់គោមសាច់រឿងពុទ្ធប្រវត្តិ ក្បាច់គោមសត្វហង្ស និងក្បាច់គោមសត្វនាគជាដើម៕

About siemreaptoday

Check Also

អ្នកជំនាញ បន្តជួសជុលជញ្ជាំងរួតទី២ ប្រាសាទ​ភ្នំបាខែង ទិសខាងត្បូងឆៀងខាងលិច

អាជ្ញាធរជាតិអប្សរា ក្រោមកិច្ចសហប្រតិបត្តិការជាមួយអង្គការមូលនិធិប្រាសាទពិភពលោក (World Monument Fund) របស់សហរដ្ឋអាមេរិក បន្ត​ការងារ​ជួសជុល ពង្រឹងជញ្ជាំងរួតទី២ ប្រាសាទ​ភ្នំបាខែង ទិសខាងត្បូងឆៀងខាងលិចប្រវែង៣៦ម៉ែត្រជាបន្តទៀត។ លោក ជីវ ភារម្យ ស្ថាបត្យករនៅការដ្ឋានជួសជុលប្រាសាទភ្នំបាខែង ឱ្យដឹងថា …

Leave a Reply

Your email address will not be published. Required fields are marked *

Categories